(ភ្នំពេញ)៖ លោក ប្យ៊ន់ ហេគម៉ាក (Björn Häggmark) ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាផុតអាណត្តិ បានបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែត នឹងបន្តជួយសាលាក្តីខ្មែរក្រហមរហូតដល់សាលាក្តីនេះ បានបញ្ចប់ភារកិច្ចសព្វគ្រប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស អនុញ្ញាតឲ្យ លោក ប្យ៊ន់ ហេគម៉ាក (Björn Häggmark) ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។

បើតាមក្រសួងការបរទេស, នៅក្នុងជំនួបនេះ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា ស៊ុយអែត ក៏នឹងបន្តជួយសាលាក្តីខ្មែរក្រហមរហូតដល់សាលាក្តីនេះបានបញ្ចប់ភារកិច្ចសព្វគ្រប់។ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណជាពិសេស ជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី ដែលទទួលសវនាការជម្រាបលារបស់លោកនៅក្នុងពេលវេលានេះ និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជួយគាំទ្រ និងរួមចំណែកធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលស៊ុយអែត ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិរបស់ស៊ុយអែត ក្នុងវិស័យកសិកម្ម អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈការងារ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកំណែទម្រង់ថ្នាក់ក្រោមជាតិនៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយនាំមុខគេតាំងពីឆ្នាំ២០០៦ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ផងដែរ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អលើគ្រប់វិស័យ ទោះបីជារដ្ឋាភិបាលស៊ុយអែត បានសម្រេចបិទស្ថានឯកអគ្គរាជទូតនៅទីក្រុងភ្នំពេញ ដែលបណ្តាលមកពីការធ្វើកំណែទម្រង់ និងសម្ពាធផ្នែកថវិការបស់ស៊ុយអែតយ៉ាងណាក៏ដោយ ក៏ស៊ុយអែតនៅតែបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតស៊ុយអែត ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក និងការិយាល័យតំណាងនៅភ្នំពេញ ដែលមានបុគ្គលិកមកពីទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ស៊ុយអែត (Swedish International Development Cooperation Agency -SIDA) នៅភ្នំពេញ និងតាមរយ:កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ចំពោះមុខ សម្រាប់ឆ្នាំ ២០២២-២០២៦ ដែលយកចិត្តទុកដាក់នឹងការលើកកម្ពស់សិទ្ធិមនុស្ស និង ស្ថាប័នប្រជាធិបតេយ្យអនុលោមតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ព្រមជាមួយនេះ ភាគីទាំងពីរចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជម្នះជំងឺរាតត្បាតកូវីដ-១៩ ទន្ទឹមនឹងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់ថ្នាំបង្ការជូនប្រជាពលរដ្ឋបាន ៤៥% គិតត្រឹមថ្ងៃទី៤ ខែកក្កដា កន្លងទៅនេះ។

តួអង្គសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ដែលអំណោយផលដល់កម្ពុជា គឺក្រុមហ៊ុនកាត់ដេរ H&M ដែលមានបំណងបន្តវត្តមាននៅកម្ពុជា ហើយយកចិត្តទុកដាក់នឹងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះ គឺការយកចិត្តទុកដាក់នឹងការប្រែប្រួលអាកាសធាតុ ដោយគោរពការពារបរិស្ថាន ប្រើប្រាស់ថាមពលដែលកកើតឡើងវិញបាន លក្ខខ័ណ្ឌការងារ ការបណ្តុះបណ្តាលពលករ និងការគោរពយេនឌ័រ។

ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានពិភាក្សាប្តូរយោបល់គ្នាផងដែរលើប្រធានបទផ្សេងៗដូចជាបញ្ហាតំបន់ រួមមានបញ្ហាអាស៊ាន ដូចជាការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការធ្វើប្រធានអាស៊ាន បញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងឥណ្ឌូប៉ាស៉ីហ្វិក។ ដោយឡែកលើបញ្ហាសកល ភាគីទាំងពីរមានជំហរដូចគ្នាលើការពង្រឹងពហុនិយម និងការគោរពគោលការណ៌ និងច្បាប់អន្តរជាតិ៕