(ភ្នំពេញ)៖ រដ្ឋាភិបាលស៊ុយអែត បានផ្តល់ជំនួយដល់ដំណើរសាលាក្តីខ្មែរក្រហម ប្រមាណជាង ១៤លានដុល្លារអាមេរិកហើយ បើគិតត្រឹមចុងខែឧសភា កន្លងទៅនេះ ខណៈរដ្ឋាភិបាលនេះ បានសន្យាបន្តផ្តល់ជំនួយបន្ថែមទៀតរហូតដល់ទីបញ្ចប់។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៥ ខែកក្កដា។

តាមលោក នេត្រ ភក្ត្រា, បើសរុបតួលេខទាំងមូល គឺសាលាក្តីខ្មែរក្រហមទទួលបានជំនួយ ប្រមាណជាង ២៣៨លានដុល្លារអាមេរិក គិតត្រឹមកាលបរិច្ឆេទខាងលើ ក្នុងនោះភាគីជាតិទទួលបាន ជាង ៩២លានដុល្លារអាមេរិក និងភាគីអន្តរជាតិទទួលបានជាង ២៣៥លានដុល្លារអាមេរិក។

លោកបន្តថា សាលាក្តីខ្មែរក្រហមមិនទាន់កំណត់ការបញ្ចប់ដំណើរការឡើយ ដោយសារពេលនេះ សាលាក្តីកំពុងដំណើរការ ទៅលើការពិនិត្យលើសំណុំរឿង ដែលនៅសេសសល់ ក្នុងនោះមានសំណុំរឿង ០០២/០២ ដែលមានជនជាប់ចោទ ខៀវ សំផន ហើយកំពុងត្រៀមបើកសវនាការ លើបណ្តឹងសារទុក្ខក្នុងសំណុំរឿងនេះ ដែលជនជាប់ចោទ បានប្តឹងជំទាស់ទៅនឹងសាលក្រមសាលាដំបូង ដែលផ្តន្ទាទោសខ្លួន ដាក់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម។

«សវនាការលើជនជាប់ចោទ ខៀវ សំផន នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ សំណុំរឿងនេះ រំពឹងថា នឹងចេញសាលដីកាស្ថាពរបិទផ្លូវតវ៉ា នៅចុងឆ្នាំ២០២២»។ នេះបើតាមលោក នេត្រ ភក្ត្រា។

ដោយឡែក សំណុំរឿងដែលនៅសេសសល់ រួមមានសំណុំរឿង ០០៣ មានជនសង្ស័យ មាស មុត កំពុងស្ថិតនៅក្នុងការតតាំងផ្លូវច្បាប់ចុងក្រោយ និងសំណុំរឿង ០០៤ មានជនសង្ស័យ យឹម ទិត្យ ស្ថិតនៅក្នុងដំណាក់កាលមួយដែលអង្គបុរេជំនុំជម្រះកំពុងបន្តលើនីតិវិធី។ អង្គបុរេជំនុំជម្រះ នឹងចេញសេចក្តីសម្រេចរបស់ខ្លួន ថាតើសំណុំរឿងនេះ ០០៤នេះ នឹងត្រូវបញ្ជួនទៅជំនុំជម្រះក្តី ឬក៏យ៉ាងណា។

អ្នកនាំពាក្យដដែលបន្ថែមថា ក្រៅពីនេះ សាលាក្តីខ្មែរក្រហម នៅមានការងារផ្សព្វផ្សាយអំពីដំណើរការនៃការងារតុលាការ និងការបញ្ជ្រៀបចំណេះដឹងអំពីនីតិវិធី និងការជម្រះក្តីរបស់តុលាការនេះ ដលសាធារណជន។

សូមជម្រាបថា លោក ប្យ៊ន់ ហេគម៉ាក (Björn Häggmark) ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាផុតអាណត្តិ បានបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែត នឹងបន្តជួយសាលាក្តីខ្មែរក្រហមរហូតដល់សាលាក្តីនេះ បានបញ្ចប់ភារកិច្ចសព្វគ្រប់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស អនុញ្ញាតឲ្យ លោក ប្យ៊ន់ ហេគម៉ាក ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា៕