(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៤៤នាក់បន្ថែមទៀតនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។ នៅថ្ងៃដដែលនោះ ក៏មានអ្នកជំងឺ១នាក់ស្លាប់ និងជាសះស្បើយចំនួន២៥នាក់។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺរកឃេីញថ្មី ករណីទី១ ដល់ទី៥៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៥៧ ដល់ទី៦៣ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។

ករណីទី៦៤ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២, ករណីទី៦៥ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានពិភពធម្មជាតិករណីទី៦៦ ដល់ទី៦៧ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់។

ករណីទី៦៨ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន, ករណីទី៦៩ ដល់ទី៧៦ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង។ ករណីទី៧៧ ដល់ទី៨៤ ជាករណីឆ្លងពីអ្នកដំណើរមកពីខេត្តបន្ទាយ-មានជ័យ។

ករណីទី៨៥ ដល់ទី៨៦ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន ករណីទី៨៧ ដល់ទី១០៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

ចំពោះ ករណីទី១០៣ ដល់ទី១៤៤ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ដោយឡែកអ្នកជាសះស្បើយទាំង២៥នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

នៅថ្ងៃម្សិលមិញ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ ទ្រី អ៊ន់ ភេទស្រី អាយុ៦៩ឆ្នាំ អាសយដ្ឋានភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាបដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦៖០០នាទី និងបានស្លាប់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០៖០០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៦៥៤នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦០៥នាក់ ស្លាប់១៨នាក់ និង១០៣១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ រួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕