(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូប្រភេទ DBTS ២ខ្សែ ប្រវែង ៣.១៨៥ម៉ែត្រ ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លោក អ៊ុន ចាន់ដា បានលើកឡើងថា សមិទ្ធិផលថ្ងៃនេះ គឺជាការឆ្លើយតប ទៅនិងការស្នើសុំរបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈនាពេលកន្លងមក ហើយអាជ្ញាធរខេត្ត បានយកសំណើនោះមកពិភាក្សាបានឯកភាពគ្នា និងបានរាយការណ៍ទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបសម្ដេចបានផ្ដល់ជាថវិកាដើម្បីយកមកសាងសង់ផ្លូវក្រាលកៅស៊ូប្រភេទ DBTS មាន ២ខ្សែ ទទឹងប្រវែង ៥ម៉ែត្រ និងបណ្តោយ សរុបប្រវែង ៣.១៨៥ម៉ែត្រ ដែលផ្លូវនេះអាចសាងសង់រួចរាល់ ក្នុងរយៈពេល ៤ ខែប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមដងផ្លូវ សូមចូលរួមសហការជាមួយអាជ្ញាធរ ប្រសិនបើការស្ថាបនានេះ មានការប៉ះពាល់លើក្បាលដីបន្តិចបន្តួច សូមបងប្អូនជួយសម្របសម្រួល ធ្វើយ៉ាងណាដើម្បីឲ្យដំណើរការស្ថាបនាផ្លូវនេះ អនុវត្តទៅស្របតាមទំហំបច្ចេកទេស ដែលមាននៅក្នុងកិច្ចសន្យា នឹងធ្វើឱ្យផ្លូវមានទំហំស្អាតផងដែរ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង, ការលាងសម្អាតដៃជាប្រចាំ, ការពាក់ម៉ាស់ ឬប្រើក្រម៉ា និងត្រូវអនុវត្តកាតព្វកិច្ចគម្លាតសុវត្ថិភាព ពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួន ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា។

លោកអភិបាលខេត្ត បានរំឭកផងដែរថា ដោយសាររដូវនេះ ជារដូវវស្សា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ខិតខំរក្សាអនាម័យលំនៅដ្ឋាន បំបាត់ប្រភពដង្កូវទឹក កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះ គេងនៅក្នុងមុងដើម្បីការពារជំងឺរាតត្បាត ផ្សេងៗ ពិសេសជំងឺគ្រុនឈីក និង ជំងឺគ្រុនឈាម ជាដើម ពោលគឺភូមិស្អាត ផ្ទះស្អាត គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈីក គ្មានគ្រុនឈាម៕