(ភ្នំពេញ)៖ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

ការបញ្ជាក់របស់ប្រមុខការទូតអូស្រ្តាលី បានធ្វើឡើង ក្នុងជំនួបតាមទូរស័ព្ទជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឱ្យដឹងថា ក្នុងជំនួបនោះ រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសំខាន់បន្ទាន់ ដូចជា កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវការស្តារ សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស រួមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

«លោកជំទាវ ម៉ារីស ផេន បានរំលឹកឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ដោយគូសបញ្ជាក់អំពីបំណងប្រាថ្នាដ៏មុតមាំរបស់អូស្រ្តាលី ក្នុងការពង្រឹងភាពជាដៃគូ អាស៊ាន-អូស្រ្តាលី លោកជំទាវបានអះអាងជាថ្មីនូវការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្ត និងសមាហរណកម្មតំបន់។ លោកជំទាវ ម៉ារីស ផេន បានទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ប្រចាំឆ្នាំជាលើកដំបូង នៅខែតុលា ឆ្នាំ២០២១ ហើយនិងបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញសម្រាប់ការរៀបចំដោយជោគជ័យរបស់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២»។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលីដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។ លោកឧបនាយករដ្ឋមន្រ្តី បានកោតសរសើរប្រទេសអូស្ត្រាលីដែលបានគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ លោកបានគូសបញ្ជាក់ថា ការកើនឡើងការចូលរួមប្រកបដោយអត្ថន័យរបស់ប្រទេសអូស្រ្តាលីជាមួយអាស៊ាន នឹងរួមចំណែកបន្ថែមទៀតយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។

សូមបញ្ជាក់ថារហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,១៩៣,៦២០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៩,៦០៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ៕