(កណ្ដាល)៖ មន្ត្រីសុខាភិបាលខេត្តកណ្ដាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១នេះ បានរកឃើញក្រុមអាជីវករផ្សារព្រែកដាច់ និងប្រជាពលរដ្ឋចំនួន៣៤នាក់ វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះស្រីចំនួន ២០នាក់, អាជ្ញាធរស្រុកលើកដែក បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរីករាលដាលដែលជំងឺកូវីដ១៩នេះ។

បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល បានឱ្យដឹងថា «បន្ទាប់ពីក្រុមការងារមន្ត្រីសុខាភិបាលខេត្តកណ្ដាល បានធ្វើតេស្តរហ័ស ទៅលើពលរដ្ឋចំនួន ៣០២នាក់រួចមក ជាលទ្ធផលឃើញថាមានក្រុមអាជីវករ និងប្រជាពលរដ្ឋចំនួន ៣៤នាក់ មានវិជ្ជមានជំងឺកូវីដ១៩ ហើយផ្សារត្រូវបានបិទជាបណ្ដោះអាសន្ន»។

លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានធ្វើតេស្តរួចមានលទ្ឋផលអវិជ្ជមាន បន្តធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះរៀងៗខ្លួន ចំនួន១៤ថ្ងៃបន្តទៀត និងតាមដានសុខភាពខ្លួនឯងជាប្រចាំ ដើម្បីច្បាស់ការថាមិនមានរោគសញ្ញដកូវីស១៩ នោះទេ ខណៈដែលការធ្វើសំណាកលើកទី២ និងធ្វើនៅទីតាំងមុខផ្សារដដែល រយៈពេល១៣ថ្ងៃទៀត។

លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋណាដែលបានចូលទិញ អីវ៉ាន់ ជាពិសេសបន្លែ ត្រីសាច់ ក្នុងផ្សារព្រែកដាច់ ក្នុងអំឡុងពេលជាង១អាទិត្យនេះ ឬបើមានអាការៈសង្ស័យជំងឺកូវីដ១៩ សូមមេត្តាមកធ្វើសំណាក ដោយតេស្តរហ័ស នៅទីតាំងមុខផ្សារព្រែកដាច់ វេលាម៉ោង៩ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កុំបីអាក់ខានឡើយ។

លោកអភិបាលស្រុកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមមេត្តាចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ការចំលង ឱ្យបានលឿនបំផុតក្នុងសហគមន៍របស់យើង តាមរយៈការអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» ទាំងអស់គ្នា៕