(កំពង់ឆ្នាំង)៖ បន្ទាប់ពីរកឃើញអាជីវករលក់មាសក្នុងផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងម្នាក់វិជ្ជមានកូវីដ-១៩ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ ក្រុមគ្រូពេទ្យខេត្តបានចុះយកសំណាក លើអាជីវករក្នុងផ្សារឆ្នាំង គឺលទ្ធផលបណ្ដោះអាសន្ន រយៈពេលមួយព្រឹក រកឃើញអ្នកវិជ្ជមានជាង ២៣នាក់ ក្នុងចំណោមអ្នកពិនិត្យសំណាកជាង២០០នាក់ ដែលតួលេខនេះបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង គួរព្រួយបារម្ភយ៉ាងខ្លាំង ហើយត្រូវតែប្រយ័ត្នជាចាំបាច់។

នៅក្នុងការចុះយកសំណាកលើអាជីវករផ្សារឆ្នាំងខាងលើនេះ គេសង្កេតឃើញវត្តមានលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកស្រី ប៊ន សុភី អភិបាលរងខេត្ត ក៏បានចូលរួមពិនិត្យមើលសកម្មភាពនេះផងដែរ។ ក្រុមគ្រូពេទ្យអ្នកយកសំណាក បានឲ្យក្រុមអ្នកយកព័ត៌មានថា ក្រោយពិនិត្យឃើញអ្នកវិជ្ជមានកូវីដ១៩ហើយ ពួកគាត់ក៏ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលស្រុកបរិបូណ៌។

ដោយឡែក នៅរសៀលថ្ងៃទី៨ ខែកក្កដានេះដែរ ក្រុមគ្រូពេទ្យថា នឹងបោះទីតាំងនៅសួនច្បារកង្រី មុខមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីយកសំណាកលើអាជីវករដែលនៅសេសសល់ និងអ្នកពាក់ព័ន្ធទាំងអស់ដែលសង្ស័យថា អាចឆ្លងកូវីដ-១៩ ត្រូវយកសំណាកនៅសួនច្បារនាងកង្រីនៅក្បែរវិមានឯករាជ្យជាបន្តទៀត។

ជាមួយគ្នានេះដែរ បរិវេណផ្សារឆ្នាំងទាំងមូលត្រូវបានរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានចេញលិខិតជូនដំណឹងស្ដីពីការបិទជាបណ្ដោះអាសន្ន និងបិទផ្លូវមុខផ្សារឆ្នាំងចាប់ពីចំណុចផ្លូវលេខ៤០ ទំនប់បារាំងរហូតដល់កាច់ជ្រុងរបងវត្តយាយទេព៕