(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង និងមន្ទីរសុខាភិបាលខេត្ត បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងក្រុងព្រៃវែង ជាង១៩,០០០នាក់។ ពិធីនេះធ្វើនៅវិទ្យាល័យព្រះអង្គឌួង នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

លោក សំ ប៊ុនណារិន អភិបាលរងខេត្ត និងជាអនុប្រធាន អនុគណៈកម្មការទទួលកិច្ចចាក់វ៉ាក់សាំងខេត្តព្រៃវែង បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ រស់នៅក្រុងព្រៃវែង ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មានរយៈពេល១សប្តាហ៍ សម្រាប់ប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង ចំពោះប្រជាពលរដ្ឋនៅតាមបណ្តាស្រុក នឹងចាក់នៅពេលបន្ទាប់ទៀត។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងថា កិច្ចការងារនេះជាការយកចិត្តទុកដាក់គិតគូររបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំខេត្តតែងតែគិតគូអំពីអាសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈគ្រប់ពេលវេលា ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតពាសពេញពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជា មានអ្នកឆ្លង និងស្លាប់នោះផងដែរ។

លោក សំ ប៊ុនណារិន បានបន្តថា «ចំពោះវ៉ាក់សាំងដែលត្រូវចាក់ជូនប្រជាពលរដ្ឋនៅក្នុងក្រុងព្រៃវែងនេះ មានចំនួន ៣៩,៧៣៤ដូស ដែលអាចចាក់ជូនប្រជាពលរដ្ឋ ១៩,០០០នាក់ជាង»

លោកអភិបាលរង បានអំពាវនាវចំពោះប្រជាពលរដ្ឋក្រុងព្រៃវែងទាំងអស់ ដែលមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវអនុវត្តឱ្យ បានត្រឹមត្រូវ និងម៉ឹងម៉ាត់បំផុត នូវគោលការណ៍ណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ»។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ បាននិមន្ត និងអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រោមការរៀបចំរបស់រដ្ឋបាលខេត្ត រួមនឹងមន្ទីរសុខាភិបាលខេត្ត នោះក៏បានសម្ដែងនូវទឹកចិត្តត្រេកអរ និងអរគុណយ៉ាងខ្លាំងដែលពួកគាត់តែងតែរំពឹងជាយូរណាស់មកហើយថានិងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ។

លោកអភិបាលរងខេត្ត ក៏សូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ សូមជៀសវាងការធ្វើការធ្ងន់ ហាមប្រើប្រាស់គ្រឿងស្រវឹង ហាមប៉ះពាល់កន្លែងចាក់ សម្រាកឱ្យបានច្រើន និងញ៉ាំអាហារបំប៉នឱ្យបានគ្រប់គ្រាន់៕