(ភ្នំពេញ)៖ វប្បធម៌របស់ជនជាតិជប៉ុនជាច្រើននឹងត្រូវបង្ហាញតាមរយៈទំព័រហ្វេសប៊ុកចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យផ្កាយ។

ស្ថានទូតជប៉ុន បានបញ្ជាក់ថា វប្បធម៌ដែលត្រូវបានបង្ហាញក្នុងកំលុងពេលនេះ មានដូចជាថ្នាក់គំនូសអក្សរផ្ចង់បែបជប៉ុន ថ្នាក់ចម្អិនម្ហូបជប៉ុនជាមួយចុងភៅលោកទូត ដំណើរកម្សាន្តនៅទីក្រុងតូក្យូតាមរយ: Zoom រៀនភាសាជប៉ុនជាមួយគ្នាតាមអនឡាញ រឿងនិទានអមដោយរូបភាព «តាណាបាតា,ទិព្វសូដាច័ន្ទ» វីដេអូស្តីពីវប្បធម៌ជប៉ុនផ្សេងៗ និងកម្មវិធីជាច្រើនទៀត។

កម្មវិធីវប្បធម៌ទាំងនេះ នឹងត្រូវបង្ហាញតាមទំព័រហ្វេសប៊ុកនៃពិធីបុណ្យផ្កាយអនឡាញ២០២១ តាមរយៈ Link https://fb.me/e/4maLxGM5B

សូមបញ្ជាក់ថា ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈ មណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) នឹងរៀបចំនូវព្រឹត្តិការណ៍ «ពិធីបុណ្យផ្កាយអនឡាញ២០២១» ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

តាណាបាតា ឬ ពិធីបុណ្យផ្កាយ គឺជាព្រឹត្តិការប្រពៃណីមួយរបស់ជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា នៅប្រទេសជប៉ុន ដែលរំឮកដល់រឿងរបស់គូស្នេហ៍មួយគូនៅឋានសួគ៌ គឺនារីតម្បាញ និងបុរសគង្វាលគោ ដែលអ្នកទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយទន្លេអាម៉ាណុហ្គាវ៉ា ហើយត្រូវបានអនុញ្ញាតឱ្យជួបគ្នាវិញ តែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី៧ ខែកក្កដា។ នៅថ្ងៃនោះប្រជាជនជប៉ុន សរសេរបំណងប្រាថ្នារបស់ពួកគេ ហើយព្យួរនៅលើដើមឫស្សី ដើម្បីឲ្យសម្រេចបានដូចបំណងប្រាថ្នា៕