(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១,២៦១លើក (ជាង៥០ភាគរយកើតឡើងពេលយប់) បណ្ដាលឲ្យស្លាប់មនុស្ស៧០៩នាក់ និងរបួស១,៧៩២នាក់ ក្នុងនោះរបួសធ្ងន់១,០៤៦នាក់។

តាមរយៈ Facebook សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា តួលេខនេះ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន បានថយចុះ ៣៥៨លើក ស្មើនឹង២២ភាគរយ ក្នុងនោះស្លាប់១៥២នាក់ ស្មើនឹង១៨ភាគរយ និងរបួសថយ៦៥៧នាក់ ស្មើនឹង២៧ភាគរយ។ មូលហេតុ នៃគ្រោះថ្នាក់ ពាក់ព័ន្ធនឹងល្បឿន៣៤ភាគរយ មិនគោរពសិទ្ធិ២៣ភាគរយ បត់៩ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ វ៉ាជែង៨ភាគរយ ស្រវឹង៣ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ។

សម្ដេចក្រឡាហោម ស ខេង បានបន្ដទៀតថា សម្រាប់រយៈពេល៦ខែដើមឆ្នាំនេះ ភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ច្រើន គឺរាជធានីភ្នំពេញ ដែលមានគ្រោះថ្នាក់៣៤០លើក ខេត្តកណ្តាល៨៦លើក និងខេត្តស្វាយរៀង៧៧លើក។

ចំណែកគ្រោះថ្នាក់រថយន្តដឹកកម្មករវិញ បានកើតមានឡើងនៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ ដែលបណ្ដាលឲ្យកម្មកររបួស សរុបចំនួន២៧៦នាក់។ បញ្ហាប្រឈម គឺបទល្មើសមិនពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ និងល្មើសល្បឿននៅតែមានអត្រាខ្ពស់ ខណៈក្នុងចំណោមជនរងគ្រោះ ដែលស្លាប់មាន៧៨ភាគរយជាអ្នកជិះម៉ូតូ និង៦៩ភាគរយមិនពាក់មួកសុវត្ថិភាព។

ដោយឡែក ចំពោះការត្រួតពិនិត្យយានយន្ដវិញ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន១០២,៩៩៥គ្រឿង រួមមានម៉ូតូល្មើសចំនួន៧៧,៧៩៤គ្រឿង ក្នុងចំណោមនោះការល្មើសដោយសារមិនពាក់មួកសុវត្ថិភាពមាន៩០ភាគរយ សញ្ញាចរាចរណ៍៦ភាគរយ ផ្លាកលេខ២ភាគរយ ទូរស័ព្ទ២ភាគ និងបើកបរទាំងស្រវឹង១ភាគរយ។

ក្នុងនោះ រកឃើញរថយន្តល្មើសចំនួន ២៨,២០១គ្រឿង (រថយន្តធំជាង៦០០គ្រឿង) ហើយក្នុងចំណោមនោះ រថយន្តល្មើសខ្សែក្រវ៉ាត៥២ភាគរយ ល្បឿន១៦ភាគរយ ទូរស័ព្ទ១០ភាគរយ សញ្ញាចរាចរណ៍៧ភាគរយ ផ្លាកលេខ៥ភាគរយ ល្មើសចំណុះ ៤ភាគរយ បណ្ណបើកបរ៤ភាគរយ ស្រវឹង១ភាគរយ ឆៀក១ភាគរយ និងអាជីវកម្ម១ភាគរយ។

បើទោះបីស្ថានភាពចរាចរណ៍ហាក់មានការល្អប្រសើរ បើធៀបនឹងឆ្នាំកន្លងទៅក្ដី សម្ដេចក្រឡាហោម ស ខេង នៅតែបន្ដអំពាវនាវជនរួមជាតិទាំងអស់ សូមប្រកាន់យកការបើកបរដោយគោរពច្បាប់ចរាចរណ៍ឲ្យគ្រប់ៗគ្នា និងគ្រប់មធ្យោបាយធ្វើដំណើរ ព្រមទាំងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ពេលវេលា។

សម្ដេចបានអះអាងថា បើស្រលាញ់អាយុជីវិតអ្នក និងក្រុមគ្រួសារអ្នក ព្រមទាំងគោរពជីវិត និងសេចក្ដីសុខអ្នកដទៃ សូមរួមគ្នាគោរពច្បាប់ឲ្យបានល្អ។ នៅពេលយើងគ្រប់គ្នាគោរពច្បាប់បានល្អ នោះនឹងធ្វើឲ្យស្ថានភាពចរាចរណ៍នៅក្នុងប្រទេសយើងមានភាពល្អប្រសើរ កាត់បន្ថយបានអ្នកស្លាប់ របួស ពិការ ការខាតបង់ថវិកា និងទ្រព្យសម្បត្តិ ព្រមទាំងរួមចំណែកលើកតម្កើងកិត្តិយសជាតិផងដែរ៕