(ភ្នំពេញ)៖ លោក Jackie Chan ដែលខ្មែរតែងហៅ «ឈិន ឡុង» តារាសម្ដែងដ៏ល្បាញល្បីរបស់ហុងកុង បានបរិច្ចាគម៉ាស់ចំនួន១លាន៥ម៉ឺនម៉ាស ជូនដល់កម្ពុជា ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នេះបេីតាមការបញ្ជាក់របស់ស្ថានទូតចិននៅកម្ពុជា ដល់បណ្តាញព័ត៌មាន Fresh News។

ស្ថានទូតបញ្ជាក់ថា ក្នុងចំណោមជំនួយម៉ាស់នេះ មាន១លានម៉ាស់ សម្រាប់ប្រជាពលរដ្ឋទូទៅ និង៥ម៉ឺនម៉ាសត្រូវបានប្រគល់ដល់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានទទួលម៉ាស់ចំនួន៥០,០០០ ដែលជាការបរិច្ចាគរបស់លោកឈិនឡុង ដើម្បីចាត់ចែងបន្តដល់ប្រជាពលរដ្ឋ ដែលត្រូវការចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ម៉ាស់ត្រូវបានប្រគលជូនក្រុមការងារតាមរយៈ ស្ថានទូតចិននៅកម្ពុជា ដែលតំណាងដោយលោក Winston Wang៕