(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ចំនួន៧៧គ្រួសារ ក្នុងនោះប៉ះពាល់បើកដំបូលចំនួន៧១ខ្នងផ្ទះ និងរលំទាំងស្រង់ចំនួន៦ខ្នងផ្ទះ ព្រមទាំងបណ្ដាលឲ្យមានអ្នករងរបួសស្រាលចំនួនពីរនាក់ផងដែរ ស្ថិតនៅភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅទីតាំង៤ផ្សេងគ្នានាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។

លោក សុខ លូ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពុកម៉ែបងប្អូន ដែលរងប៉ះពាល់ដោយខ្យល់កន្ត្រាក់នៅពេលនេះ ដោយមិនមានការប្រកាន់នូវពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោក សុខ លូ បានសម្ដែងការសោកស្ដាយបំផុត ចំពោះការបាត់បង់នូវទ្រព្យសម្បត្តិក៏ដូចជា ការខូចខាតផ្ទះសំបែង ដែលបង្កឡើងដោយគ្រោះមហន្តរាយនៅពេលនេះ ហើយគ្រោះមហន្តរាយនេះ តែងតែកើតមានឡើងនៅគ្រប់ទីកន្លែង ដោយគ្មាននរណាម្នាក់ចង់ជួបនោះទេ។ ដូច្នេះសូមពុកម៉ែបងប្អូននៅពេលដែលមានភ្លៀងលាយឡំជាមួយនឹងខ្យល់ខ្លាំង សូមរកទីជម្រកណាមួយដែលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។

លោកក៏បានក្រើនរំលឹកដល់ក្រុមការងារទាំងអស់ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការការពារខ្លួន ចៀសឲ្យផុតពីការឆ្លងជំងឺកូវីដ១៩ ដោយសូមរៀនរស់ក្នុងបរិបទថ្មីសម័យកូវីដ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ពិសេសការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ ហើយវ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់នៅក្នុងខែកក្កដានេះ៕