(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តទិញវ៉ាក់សាំងកូវីដ១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានតាមផែន ការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី៣ និងចាក់ជូនក្មេងក្រោមអាយុ១៨ឆ្នាំ។

ការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត។

យោងតាមលទ្ធផលផ្លូវការនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃនេះបានឱ្យដឹងថានៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែនបានលើកឡើងនូវបញ្ហាមួយចំនួន ដោយក្នុងនោះក៏បានបញ្ជាក់ដែរថា «រាជរដ្ឋាភិបាលនឹងបន្តទិញវ៉ាក់សាំងកូវីដ-១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី៣ និងក្រោមអាយុ១៨ឆ្នាំ»

គិតរហូតដល់ដើមខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១២លានដូសរួចហើយ ក្នុងនោះមានវ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់ចិន មានចំនួន ២.២លានដូស, វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ចំនួន ៣២៤,០០០ដូស និងវ៉ាក់សាំងចំនួន ៩.៥លានដូស ជាការបញ្ជាទិញរបស់កម្ពុជាពីប្រទេសចិន។

គិតត្រឹមយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ក៏បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៤,៧៥០,២៦៥នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៤៧.៥០%។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសថ្លែងសារពិសេស កាលពីថ្ងៃទី០១ ខែកក្កដា បានឱ្យដឹងថា នៅខែកក្កដា និងខែសីហា ឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៩លានដូសពីប្រទេសចិន ដែលជាចំនួនវ៉ាក់សាំងគម្រប់ ២០លានដូសតាមផែនការដែលរាជរដ្ឋាភិបាលស្វះស្វែងរក ដើម្បីចាក់ជូនប្រជាពលរដ្ឋ៕