(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្ដចេញសេចក្ដីសម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី១០ ខែកក្កដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ប្រការ២ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចខាងក្រោម៖
* សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងសាលារៀនដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ
* អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៉ីណូ
* រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា
* អាជីវកម្មម៉ាស្សា
* រោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
ក្រៅពីសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវបានផ្អាកបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានលក្ខណៈកុះករកកកុញ មិនឲ្យលើសទី១៥នាក់ លើកលែងតែចំពោះករណី ដូចមានកំណត់នៅក្នុងប្រការ៣ នៃសេចក្ដីសម្រេចនេះ។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖