(ភ្នំពេញ)៖ លោក ហេង កូយ ប្រធានចាត់ការទូទៅនៃសមាគមធនាគារនៅកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ ដែលជួបបញ្ហាវិបត្ដិហិរញ្ញវត្ថុ នៅក្នុងអំឡុងកូវីដ១៩ សមាគមធនាគារសូមលើកទឹកចិត្ដឲ្យប្រជាពលរដ្ឋ គួរតែទៅជួបជាមួយនឹងធនាគារ ដើម្បីពិភាក្សារកដំណោះស្រាយ ដែលពួកគាត់បានជួបប្រទះ។

លោកលើកឡើងថា សមាគមធនាគារតែងតែផ្សព្វផ្សាយ និងតែងតែតាមដានជាប់ជានិច្ច ហើយបើសិនជាមានករណីណាមួយកើតឡើង សមាគមធនាគារ នឹងប្រឹងប្រែងក្នុងការធ្វើការងារជាមួយសមាជិក និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាដោះស្រាយឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

លោក ហេង កូយ បានលើកឡើងថា «នៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩នេះ ខ្ញុំជឿថាប្រជាពលរដ្ឋនៅតែមានការបារម្ភជុំវិញទៅនឹងការសងធនាគារ។ ខ្ញុំចង់បញ្ជាក់ជូនថា វិស័យធនាគារនៅតែរឹងមាំ ហើយវិស័យធនាគារចាត់ទុកអតិថិជនគឺជាដៃគូគ្រប់កាលៈទេសៈ។ ប្រសិនប្រជាពលរដ្ឋដែលមានការលំបាក ក្នុងការសងជាមួយធនាគារដែលខ្លួនបានទទួលកម្ចីនោះ គឺសុំទៅទំនាក់ទំនងជាមួយគ្រឹះស្ថានដែលបានខ្ចី ដើម្បីពិភាក្សាអំពីបញ្ហា ហើយសមាគមធនាគារក្នុងគ្រឹះស្ថានធនាគារ បន្តចាំជួយគាំទ្រធ្វើយ៉ាងយើងជោគជ័យទាំងអស់គ្នា ទោះក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩ក៏ដោយ ធ្វើឲ្យយើងជៀសផុតពីកូវីដ១៩ទាំងអស់គ្នា»

បើតាមមន្ត្រីជាន់ខ្ពស់សមាគមធនាគាររូបនេះ គ្មានការរឹបអូសវត្ថុបញ្ចាំ របស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលនៃវិបត្ដិកូវីដ-១៩ នោះឡើយ ហើយសមាគមធនាគារ បានរកវិធីគ្រប់បែបយ៉ាង ក្នុងការធ្វើយ៉ាងណាសម្រួលស្ថានការណ៍នេះ។

លោក ហេង កូយ បានឲ្យដឹងថា ក្នុងអំឡុងពេលបិទខ្ទប់ សមាគមធនាគារនៅកម្ពុជា ដើរតួនាទីដ៏សំខាន់ លើការសម្របសម្រួល បន្តផ្ដល់សេវាហិរញ្ញវត្ថុគ្រប់កាលៈទេសៈដល់សាធារណជន។

ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការអនុញ្ញាតពីអាជ្ញាធរអាណាព្យាបាលធនាគារជាតិកម្ពុជា សមាគមធនាគារនៅកម្ពុជា បានធ្វើការដោយជួយគ្រឹះស្ថានធនាគារ ឲ្យនៅអាចបន្តផ្ដល់សេវាហិរញ្ញវត្ថុគ្រប់កាលៈទេសៈ។

សមាគមធនាគារនៅកម្ពុជា ព្យាយាមក្នុងការធ្វើយ៉ាងណាតំណាងឲ្យសមាជិករបស់ខ្លួន ជួយសម្របសម្រួលជាមួយអាជ្ញាធរ ដែលពាក់ព័ន្ធដោយធ្វើឲ្យបុគ្គលិក អាចធ្វើដំណើរទៅទីតាំងការងាររបស់ពួកគាត់បាន និងធ្វើយ៉ាងណាឲ្យសេវាធនាគារ នៅតែបន្តដំណើរការ។

លោកថា សមាគមធនាគារនៅកម្ពុជា បន្ដការតាមដានយ៉ាងជិតដិត អំពីការលំបាកជុំវិញនៃការបារម្ភ លើការសងកម្ចីដល់ធនាគារព្រោះថា ក្នុងអំឡុងពេលបិទខ្ទប់ ប្រជាពលរដ្ឋមានការលំបាកខ្លាំង ដោយមិនអាចធ្វើដំណើរបាន ខ្លាចឆ្លងជំងឺផង និងខ្លាចធនាគាររឹបអូសផង។

សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនៃជំងឺកូវីដ១៩នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវគោលការណ៍ដូចជា៖

១៖ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេល២ខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេល៣ខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

២៖ សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល៣ខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។

៣៖ បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញ ឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

៤៖ បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

៥៖ ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner)។

៦៖ ផ្តល់នូវការអនុគ្រោះសម្រាប់អតិថិជន ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ៕