(កំពង់ស្ពឺ)៖ ដោយបានការណែនាំពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ តែងតែអនុវត្តជាប្រចាំចំពោះកិច្ចការងារបង្កបង្កើនផល ដាំដុះ និងចិញ្ចឹមសត្វនៅទូទាំងអង្គភាពចំណុះបញ្ជាការដ្ឋានកងអាវុធហត្ថខេត្តកំពង់ស្ពឺ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នេះដែរ អង្គភាពបានធ្វើការប្រមូលផលដំណាំដែលអង្គភាពបានដាំជាយូរមកហើយ និងបានប្រមូលផលទាំងនេះដើម្បីផ្គត់ផ្គង់ដល់មន្ត្រីកងអាវុធហត្ថ និងអង្គភាពដើម្បីធ្វើជាម្ហូបអាហារប្រចាំថ្ងៃជូន មន្ត្រីកងអាវុធហត្ថទ្រទ្រង់ជីវភាពរស់នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាសកល និងសេដ្ឋកិច្ចគ្រួសារនៅតាមខេត្តជាច្រើនទូទាំងប្រទេស។

ខេត្តកំពង់ស្ពឺក៏មានវិបត្តិនៃការប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះវិបត្តិកូវីដ-១៩នេះផងដែរ។ ការដាំដុះ និងការងារបង្កបង្កើនផល ត្រូវបានធ្វើជាប្រចាំក្រោមការដឹកនាំ របស់លោកឧត្ដមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងបានចុះផ្ទាល់ នៅថ្ងៃនេះ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការស្ដីទី បានដឹកនាំក្រុមការងារប្រមូលផលបន្លែ បន្តការងារដាំថ្មបន្ថែមជាច្រើនដើម/រង/គុម្ភ។

ថ្ងៃនេះកម្លាំងកងរាជអាវុធហត្ថបានធ្វើការលើករងបន្លែបន្ថែម ព្រមទាំងថ្នាលសម្រាប់ដាំដុះបន្ថែមជាច្រើនកន្លែង ដើម្បីធានាដល់ការដាំដុះបន្លែថ្មី ផ្គត់ផ្គង់ដល់ជីវភាពអង្គភាព និងជីវភាពផ្ទាល់របស់មន្ត្រីអាវុធហត្ថដែលកំពុងរស់នៅក្នុងវិបត្តិកូវីដ-១៩។ ជាមួយគ្នានេះ អង្គភាពក៏បានជំរុញឲ្យបណ្ដាមូលដ្ឋាកងរាជអាវុធហត្ថ ក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ ក្នុងនោះនាយទាហាន នាយទាហានរងដោយផ្ទាល់ត្រូវធ្វើការងារដាំដុះបង្កបង្កើនផលចិញ្ចឹមសត្វធានាដល់ការផ្គត់ផ្គង់ជីវភាពតាមអង្គភាពរៀងខ្លួនៗ ជាពិសេសតាមគ្រួសារនីមួយៗផងដែរ។

ការដាក់ចេញនូវវិធានការការងារដាំដុះ និងចិញ្ចឹមសត្វនេះគឺជាការងារកាត់បន្ថយនូវគ្រោះ ខ្វះខាត លើការងារហូបចុកនៅតាមគ្រួសារនីមួយៗបម្រើឲ្យសេចក្ដីត្រូវការរបស់គ្រួសារនិងអង្គភាព ជៀសវាងការខ្វះខាតនៅ បរិបទនៃជំងឺកូវីដ-១៩ផងដែរ។

ជាក់ស្តែងការចុះប្រមូលផលបន្លែនៅសួនបន្លែនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចំនួន ០៣រងក្នុងនោះមាន៖ ដកឆៃថាវ ចំនួន ០១រង ស្មើនឹង ១៥គីឡូក្រាម , ដកស្ពៃក្រញាញ់ ចំនួន ០១ ស្មើនឹង ២៥គីឡូក្រាម, ដកស្ពៃចង្កឹះ ចំនួន ០១រង ស្មើនឹង ២៨គីឡូក្រាម។ ក្នុងនោះ អង្គភាពត្រៀមដាំថ្មីបន្ថែម ត្រកួន ចំនួន ០១រងធំ , ប៉េងប៉ោះ ចំនួន ០១រងធំ , ត្រប់ ចំនួន ១៤៤គុម្ភ ព្រមជាមួយបន្លែបង្កាផ្សេងៗជាច្រើនបន្ថែមទៀត៕