(សៀមរាប)៖ ក្រុមហ៊ុន ING Holdings ដែលមានលោកឧកញ៉ា លឹម រស់, លោកឧកញ៉ា លឹម ប៊ុនសួរ និងលោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាម្ចាស់ភាគហ៊ុន បានផ្តល់ទឹកពិសាភ្នំជប ចំនួន ៣០០យួរ និងមី ២៥២កេស ជូនទៅអាជ្ញាធរឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីចែកជូនប្រជាពលរដ្ឋប្រមាណ ១២៦គ្រួសារ ដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់។

អាជ្ញាធរបានសម្រេចបិទខ្ទប់ឃុំរលួសរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ប្រជាពលរដ្ឋប្រមាណ ១២៦គ្រួសារ ស្មើនឹង ៤៧៩នាក់ បានជាប់នៅក្នុងតំបន់បិទខ្ទប់នេះ ហើយក៏ជួបការខ្វះខាតក្នុងជីវភាពផងដែរ។

អាជ្ញាធរឃុំរលួស បានសម្ដែងនូវសេចក្ដីរីករាយ និងថ្លែងកោតសរសើរទឹកចិត្តសប្បុរសរបស់លោកឧកញ៉ា លឹម រស់ លោកឧកញ៉ា លឹម ប៊ុនសួរ និងលោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាម្ចាស់ភាគហ៊ុនក្រុមហ៊ុន ING Holdings ដែលបាននាំយកនូវទឹកពិសាភ្នំជប និងមី ទុកជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់។

អាជ្ញាធរឃុំរលួស បានលើកឡើងថា ក្នុងកាលៈទេសៈនេះ ការចូលរួមរបស់លោកឧកញ៉ាទាំងបីរូប ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់នូវការសម្រួលបន្ទុកដ៏ធ្ងន់របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់៕