(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែកក្កដានេះ បានចេញសេចក្តីណែនាំបន្ថែមអំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកមេរោគកូវីដ១៩ ដល់អភិបាលរាជធានី-ខេត្ត។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីណែនាំនេះ បញ្ជាក់ថា ក្រសួងសុខាភិបាលបានដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីវិធានសុវត្ថិភាពផ្នែកសុខាភិបាលទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកវីរុសកូវីដ-១៩ ក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ។

បន្ថែមទៅលើគោលការណ៍ណែនាំនេះ លោក ម៉ម ប៊ុនហេង បានណែនាំអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់អប់រំណែនាំឲ្យអនុវត្តតាមខ្លឹមសារដូចខាងក្រោម៖

១៖ វីរុសកូវដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈតំណក់ទឹកតូចៗដែលចេញពីអ្នកជំងឺកូវីដ-១៩ តាមរយៈការនិយាយទល់មុខជិតគ្នា ក្អក កណ្តាស និងការប៉ះពាល់ផ្ទៃ ឬវត្ថុផ្សេងៗដែលមានមេរោគ។ គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។ សាកសព ត្រូវបានរៀបចំដោយរុំក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់
ទៅក្នុងមឈូសមុនយកទៅបូជា ឬបញ្ចុះ។ ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមានការរុះរើ ឬបើកថង់រុំសាកសពនោះ។

២៖ ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបានពីការចម្លងវីរុសកូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើកមឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយអាល់កុល ឬជែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។

៣៖ ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូសយកទៅបញ្ចុះ ត្រូវមានចំនួនពី៤ ទៅ ៦នាក់ និងត្រូវពាក់សម្ភារៈការពារ (PPE) ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួនមិនឱ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួម ចំងាយ ១.៥ម៉ែត្រ ពីគ្នា និងចំងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមានការហែក្បួនឡើយ។

លោករដ្ឋមន្ត្រី ក៏បានផ្តាំដល់អភិបាលរាជធានី-ខេត្ត ធ្វើការអប់រំណែនាំបន្ថែមអំពីសុវត្ថិភាព និងលើកទឹកចិត្តដល់មន្ត្រី-បុគ្គលិក និងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសាកសព និងកិច្ចការបូជា ឬបញ្ចុះសព កុំឱ្យមានការភ័យខ្លាច ឬមន្ទិលសង្ស័យ និងសូមចូលរួមអនុវត្តកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ សេចក្តីថ្លៃថ្នូរទៅតាមទំនៀមទម្លាប់ប្រពៃណី សាសនា ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូដ-១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់៕