(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នេះថា ដោយអនុវត្តតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងថា «ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋខ្មែរយើងស្លាប់ដោយអណោចអធមឡើយ» ក្រសួងបរិស្ថានបានយកឈើដែលមន្ត្រីឧទ្យានុរក្សរឹបអូសបានពីការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីធ្វើក្តារមឈូសផ្តល់ជូនគណៈកម្មការជាតិប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់ដាក់តម្កល់សពអ្នកជំងឺកូវីដ១៩ ដែលបានទទួលមរណភាព។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរ ហើយនេះគឺជាការរក្សាកិត្តិយស និងតម្លៃជាមនុស្សរបស់រាជរដ្ឋាភិបាលចំពោះពលរដ្ឋ ហើយជាប្រពៃណីទំនៀមខ្មែរក្នុងការគោរពចំពោះសព និងការជូនដំណើរជាចុងក្រោយចំពោះពលរដ្ឋអ្នកជំងឺកូវីដ១៩ ដែលជាអកុល បានស្លាប់បាត់បង់ជីវិតក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងដោយយោងលើប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថា «ការរៀបចំឱ្យសពមានមឈូសបានត្រឹមត្រូវ គឺជាការគោរពដល់សពព្រោះសាច់ញាតិមិនអាចជូនដំណើរសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ ដោយផ្ទាល់បាននោះឡើយ»

បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន នឹងយកឈើសរុបប្រមាណ ១.៣៤៧ ម៉ែត្រគូបដែលរឹបអូសបានអំឡុងពេលបង្ក្រាបបទល្មើសធនធានធម្មជាតិពីឆ្នាំ២០២០ និងឆ្នាំ២០២១ នេះដើម្បីផលិតក្តារមឈូស។ តាមការប៉ាន់ស្មាន ឈើដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន អាចនឹងផលិតក្តារឈូសបានប្រមាណជាង ១០០០ ក្តារមឈូស។

រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការផលិតក្តារមឈូសនេះដោយគិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តចំនួន ១២ ដែលមានឈើស្រាប់បានផលិតក្តារមឈូសបានចំនួន ៤០៥ និងបានកំពុងបន្តការផលិតបន្ថែមទៀត។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្តារមឈូសដែលផលិតបានត្រូវបានប្រគល់ជូនអនុគណៈកម្មការគ្រប់គ្រងសពអ្នកជំងឺកូវីដ១៩ ដើម្បីសម្របសម្រួល ចាត់ចែងនិងចែកចាយទៅដល់អនុគណៈកម្មការប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ខេត្តដើម្បីប្រើប្រាស់ដាក់សពអ្នកជំងឺកូវីដ១៩។ បច្ចុប្បន្ននេះ ក្តារមឈូសដែលផលិតបាន ត្រូវបានយកទៅប្រើប្រាស់ខ្លះៗហើយ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្លាប់ក្នុងរបប ប៉ុល ពត ជាការកម្សត់មួយណាស់ទៅហើយ តែការស្លាប់ដោយជំងឺកូវីដ១៩ ក៏កម្សត់ណាស់ដែរ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់យ៉ាងហោចណាស់មានមឈូសដាក់ឱ្យបានត្រឹមត្រូវ។

សម្តេចតេជោ ហ៊ុន សែន បញ្ជានាយឧត្តមសេនីយ៍ សៅ សុខា យកឈើរឹបអូសបានរៀបចំធ្វើក្តាមឈូស ហើយចំពោះមុខនេះ ក្រសួងសេដ្ឋកិច្ចបញ្ចេញថវិកាទិញក្តាមឈូសទុកសម្រាប់ប្រើប្រាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឱ្យសពមានមឈូសបានត្រឹមត្រូវ គឺជាការគោរពដល់សព។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការរៀបចំទិញកោដ្ឋិ សម្រាប់ដាក់ធាតុជូនដល់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ ឱ្យបានត្រឹមត្រូវផងដែរ៕