(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល នៅតែបន្តសម្រុកបោះទុនវិនិយោគសាងសង់គម្រោងផ្សារទំនើបទាំង ៤ ទីតាំងរបស់ខ្លួន ជាមួយទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារ យ៉ាងសកម្មដោយឈរលើហេតុផលខាងក្រោម៖

លោក អាកណុល ឌុយហ្រ្វេន (Arnaud Dufresne) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងពីមូលហេតុចម្បងៗយ៉ាងដូច្នេះថា៖

*កត្តាទី១ នោះគឺភាពរឹងមាំរបស់ក្រុមហ៊ុន ជីប ម៉ុងគ្រុប ដែលមានពហុពាណិជ្ជកម្មនៅក្នុងគ្រុបក្រុមហ៊ុនដ៏ធំ គឺមានទំនាក់ទំនងបំពេញឲ្យគ្នាទៅវិញទៅមក រាប់ចាប់ពីការផ្សព្វផ្សាយដល់ការដោះដូរផលិតផលគ្នាទៅវិញទៅមក តួយ៉ាងគម្រោងផ្សារទំនើបជីប ម៉ុង ជាមួយ ជីប ម៉ុង ទីណាមានជីប ម៉ុងលែន ទីនោះមានផ្សារទំនើប ជីប ម៉ុង ហើយយើងក៏មានធនាគារ ជីប ម៉ុង ដែលអាចផ្តល់នូវទុនកម្ចីដល់ដៃគូពាណិជ្ជកម្មដែលចង់ពង្រីកសាខារបស់ពួកគេនៅក្នុងផ្សារទំនើបរបស់យើងបានផងដែរ។

*កត្តាទី២ គឺទីផ្សារវិស័យលក់រាយ នៅកម្ពុជា កំពុងតែអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងលឿន ហើយក្នុងរយៈពេល ៣ឆ្នាំទៅមុខ នឹងមានកំណើនឡើងទ្វេរគុន រួមជាមួយនឹងការប្រកួតប្រជែងខ្លាំង ដូច្នេះវាជាឱកាសដ៏ល្អសម្រាប់ម្ចាស់ម៉ាកយីហោផលិតផលល្បីផ្សេងៗ ក្នុងការពង្រីកវិសាលភាពនៃពាណិជ្ជកម្មរបស់ពួកគេ។

លោកបន្តទៀតថា យុទ្ធសាស្រ្តក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវប្រើក្នុងការប្រកួតប្រជែងក្នុងវិស័យនេះ គឺមាន ២សំខាន់ គឺទាក់ទាញម៉ាកយីហោល្បីៗអន្តរជាតិមកក្នុងផ្សារទំនើបរបស់ខ្លួន ហើយនឹងបង្កើតម៉ាកយីហោខ្លួនសម្រាប់ផលិតផលមួយចំនួនចាំបាច់ ដែលប្រកបដោយគុណភាព និងច្នៃប្រឌិត។

លោកបន្តថា ខណៈដែលជំងឺរាតត្បាតកំពុងគម្រាមកំហែងការលក់ដូរផ្សេងៗ ជីប ម៉ុង រីថែល គឺផ្តោតទៅលើវិស័យឌីជីថល ដោយបង្កើតវេបសាយ ឲ្យអតិថិជនអាចបញ្ជារទិញបានតាមអនឡាញ ហើយយើងនឹងអភិវឌ្ឍន៍កម្មវិធីបញ្ជាទិញតាមរយៈ Mobile App ឲ្យកាន់តែងាយស្រួលបន្ថែមទៀត និង ការដឹកជញ្ជូនរហ័សទៅដល់គេហដ្ឋានអតិថិជនតែម្តង៕

សូមចុច link ខាងក្រោមដើម្បីទស្សនាវិដេអូនៃកិច្ចសម្ភាសន៍ជាមួយលោក អាកណុល ឌុយហ្រ្វេន!