(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ នាំសម្ភារ បរិក្ខាជាច្រើនមុខប្រគល់ជូនមណ្ឌលធ្វើចត្តាឡីស័ក នៅវិទ្យាល័សង្គមថ្មី ក្នុងស្រុកសង្គមថ្មី សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

នៅក្នុងឱកាសនោះលោក សំ លាងទ្រី បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាល តែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ។

លោក សំ លាងទ្រី បានថ្លែងទៀតថា អំណោយដែលនាំមកប្រគល់ជូននៅពេលនេះ គឺមួយផ្នែកបានមកពីការចូលរួមពីលោក ចាន់ នន់វិទ្យា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី និងមួយផ្នែកទៀត ជាការចូលរួមរបស់ក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី។

លោកថា អំណោយទាំងនេះ គឺជាចំណែកមួយបញ្ជាក់ឲ្យឃើញពីចូលរួមរបស់ក្រុមការងារចុះមូលដ្ឋានស្រុកសង្គមថ្មី ជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងរាលដាលនៅក្នុងប្រទេសរបស់យើង។

លោកប្រធានក្រុមការងារ ក៏បានថ្លែងណែនាំដល់អាជ្ញាធរ សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកសង្គមថ្មី ត្រូវបន្តណែនាំ អប់រំ ដល់បងប្អូនប្រជាពលរដ្ឋ អោយកាន់តែមានការយល់ដឹងពីជំងឺកូវីដ.១៩ ពិសេសណែនាំពីវិធីការពារ កុំអោយឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើងនិងសហគមន៍របស់យើង។

លោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី បានថ្លែងប្រាប់ថា សម្រាប់ស្រុកសង្គមថ្មី មានមណ្ឌលធ្វើចត្តាឡីស័កចំនួន២កន្លែងរួចហើយ នៅចំពោះមុខនេះអាជ្ញាធរស្រុកគ្រោងរៀបចំទីតាំងមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែងទៀត ហើយនៅទូទាំងស្រុកសង្គមថ្មី មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន១៧០នាក់ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០នាក់ និងបានបិទខ្ទប់ទីតាំង និងផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។

សូមបញ្ជាក់ថា អំណោយដែលនាំយកទៅប្រគល់ជូនមណ្ឌលធ្វើចត្តាឡីស័កនៅវិទ្យាល័យសង្គមថ្មីនៅពេលនេះ រួមមាន៖ ម៉ាស់ចំនួន៤០០០ម៉ាស់ អាល់កុលចំនួន៤កាន ទឹកបរិសុទ្ធចំនួន៥០កេស និងថ្នាំផ្តាសាយចំនួន៥០ប្រអប់ និងថវិកាចំនួន១លានរៀលសម្រាប់ដោះស្រាយ ថ្លៃភ្លើងផងដែរ៕