(បាងកក)៖ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ប្រចាំប្រទេសថៃ (CBC) និងសមាគមជំរុញកិច្ចសន្យាបន្តថៃ (Thai Subcon) ដែលប្រមូលផ្ដុំដោយសមាជិកផលិតករ ឧស្សាហកម្មច្រើនជាង ៥០០ក្រុមហ៊ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យឯកជនប្រទេសទាំងពីរសំដៅចូលរួមអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១-២០២៣។

ពិធីចុះ MoU បានធ្វើឡើងរវាង លោក សម្បត្តិ សុធា ប្រធាន CBC និងលោក Kiattisak Jirakajornwong ប្រធាន Thai Subcon ក្រោមអធិបតីភាពលោក អ៊ុក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងធ្វើជាសាក្សីពីលោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសថៃ តាមរយៈប្រព័ន្ធវីដេអូ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ បន្តមានសន្ទុះខ្លាំងក្លានៅឡើយ។

ថ្លែងនៅក្នុងពិធីនោះ លោក សម្បត្តិ សុធា បានជម្រាបភ្ញៀវកិត្តិយស ពីបេសកកម្មរបស់ CBC ក្នុងការបង្កើតវេទិកាមួយ ដើម្បីកសាងទំនាក់ទំនងរឹងមាំ ជាមួយសមាគមធុរកិច្ចផ្សេងៗ និងជួយគាំទ្រសមាជិកសមាជិកានៃសហគមន៍ធុរកិច្ច ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ព្រមទាំងលើកស្ទួយអត្ថប្រយោជន៍ របស់ពួកគេ ទៅកាន់អ្នកតាក់តែងគោលនយោបាយ។

លោក សម្បត្តិ បានថ្លែងថា «ខ្ញុំសូមអរគុណដល់លោកប្រធាន Thai Subcorn ហើយទន្ទឹងរង់ចាំធ្វើការ ជាមួយគ្នា ក្នុងបេសកកម្ម និងកិច្ចសហការប្រកបដោយផ្លែផ្កាលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ»

លោក Kiattisak Jirakajornwong បានលើកឡើងពីបេសកកម្ម និងចក្ខុវិស័យរបស់ Thai Subcorn គឺដើម្បីកសាង សមត្ថភាពសមាជិកសមាជិកាផ្នែកផលិតកម្ម និងការធ្វើទីផ្សារ ពង្រឹងបណ្ដាញធុរកិច្ចសាកល ដោយតភ្ជាប់អាជីវកម្មរបស់ពួកគេ ជាមួយស្ថាប័នរដ្ឋ និងអង្គការជាតិ និងអន្តរជាតិ។

លោក Kiattisak បានគូសបញ្ជាក់ថា «តាមរយៈកិច្ចសហការនេះ ខ្ញុំមានជំនឿមុតមាំថា វានឹងផ្តល់អត្ថប្រយោជន៍ ដល់ស្ថាប័នយើងទាំងពីរឥតកំណត់។ Thai Subcon សន្យានឹងប្រឹងប្រែងធ្វើឱ្យអនុស្សរណៈនេះ ទទួលបានផលចំណេញសម្រាប់សមាគមទាំងពីរ និងដើម្បីមិត្តភាពកម្ពុជា និងថៃ»

យោងតាមខ្លឹមសារនៃ MoU ភាគីទាំងពីរ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍសកម្មភាពទាក់ទងនឹងធុរកិច្ច វិនិយោគ និងពាណិជ្ជកម្ម ដើម្បីលើកម្ពស់ និងពង្រីកបណ្តាញអាជីវកម្មរបស់សមាជិកសមាជិកានៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ ទៅវិញទៅមក និងគាំទ្របណ្តាញទីផ្សារ ដើម្បីជំរុញដល់ការតភ្ជាប់វប្បធម៌ និងសង្គម៕