(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំនាយ នាយរង នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង យកសំណាកលើឧបករណ៍ (Rapid test) RT ជាលទ្ធផល គឺអវិជ្ជមានទាំងអស់ និងធ្វើតេស្ត PCR ទៀត ដើម្បីបញ្ជាក់កាន់តែច្បាស់អំពីលទ្ធផលនេះ។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត តែងតែផ្ដល់កិច្ចសហប្រតិបត្តិការល្អ ជាមួយកម្លាំងសុខាភិបាលរបស់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្នុងការយកសំណាករកមេរោគកូវីដ១៩ គ្រាដែលខេត្តមួយនេះ កំពុងប្រឈមជាមួយជំងឺកូវីដ១៩ខ្លាំង។

ការយកសំណាកជាលើកទី២ របស់មន្ដ្រីអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើឡើងបន្ទាប់ពីបានចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល នៅក្នុងភូមិសាស្ដ្រខេត្ត ខណៈមនុស្សជាច្រើននាក់ត្រូវបានរកឃើញវិជ្ជមាន និងតំបន់មួយចំនួនត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ក្រោយយកឃើញពាក់ព័ន្ធ។

បើទោះបីលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ក៏ពិតមែន តែលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបន្ដណែនាំ និងក្រើនរំលឹកជាប់ជាប្រចាំឲ្យនាយ នាយរង និងមន្ដ្រីអាវុធហត្ថទាំងអស់ ត្រូវបន្ដការពារ រក្សាអនាម័យ ពិសេសអនុវត្តវិធានការ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានចាត់ឲ្យលោកវរសេនីយ៍ទោ ឡាច ភន ប្រធានមន្ទីរភស្តុភារ ប្រគល់ស្បែកជើងដែលជាអំណោយរបស់ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ស្បែកជើងកវែងឥណ្ឌូនេស៉ី និងថ្នាំបុរាណចិនផងដែរ៕