(កណ្ដាល)៖ យ៉ាងហោចណាស់ មានមន្ត្រីរាជការ និងប្រជាពលរដ្ឋចំនួន១៤០នាក់ ត្រូវបានមន្ត្រីជំនាញសុខាភិបាលបានយកសំណាកវិភាគរកមេរោគកូវីដ១៩ ជាលទ្ធផលអវិជ្ជមាន និងត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក ដោយត្បានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ក្រោមការជូនដំណើរពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។

ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្ដីនឹករលឹក គិតគូរយកចិត្តទុកដាក់ដល់គ្រប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស។

លោក គង់ សោភ័ណ្ឌ បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានសំដែងនូវការអបអរសាទរ ចំពោះប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំង១៤០នាក់ ព្រមទាំងបានកោតសរសើដល់ប្រជាពលរដ្ឋ ពិសពិសេសមន្ត្រីរាជការក្នុងខេត្តកណ្ដាល ដែលបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរ ក្នុងរយៈពេលនៃការធ្វើចត្តឡីស័ក នៅមណ្ឌលចត្តាឡីស័ក។

លោកអភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងនាក់១៤០នាក់ ពេលត្រឡប់ទៅលំនៅឋានវិញ ត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល និងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅកាត់ផ្ដាច់នូវខ្សែចម្លងចូលក្នុងសហគមន៍ ដើម្បីឈានដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបាននាពេលខាងមុខ។

ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ទាំង១៤០នាក់ មកពីមណ្ឌលចត្តាឡីស័កចំនួន៣ រួមមានមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មណ្ឌលវិក្រឹតការភូមិភាគ និងមណ្ឌលបឋមសិក្សាព្រែកសំរោង។

គួរជម្រាបថា អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនក្នុងម្នាក់ទទួលបាន៖ អង្ករ ២០គីឡូក្រាម, ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ, មី ១កេស, អាល់កុល ១ដប, ម៉ាស ១០បន្ទះ និងថវិកា ៤ម៉ឺនរៀល៕