(សៀមរាប)៖ ក្រុមការងារចាក់វ៉ាក់សាំងនៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរធំ។ ប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំងនេះ មានចំនួន ១៨,០០០នាក់ មកពីឃុំចំនួន៤។

ការចាក់វ៉ាក់សាំងនៅក្នុងស្រុកអង្គរធំ ត្រូវធ្វើឡើងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃនេះតទៅ នៅក្នុងបរិវេណអនុវិទ្យាល័យអង្គរធំ ហើយទទួលបន្ទុកចាក់ជូនដោយកងពលតូចអន្តរាគមន៍លេខ៨ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ៣។

ដំណើរការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរធំនេះ ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអង្គរធំដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអង្គរធំ និងលោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ លោក សួង លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៤ សមាជិកក្រុមការងារចុះជួយស្រុកអង្គរធំ ព្រមទាំងអាជ្ញាធរក្នុងស្រុកអង្គរធំ។

ឧត្តមសេនីយ៍ឯក ស ថាវី ប្រធានក្រុមសម្របសម្រួលការងារចាក់វ៉ាក់សាំងស្រុកអង្គរធំ ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការងារចាក់វ៉ាក់សាំងនៅក្នុងស្រុកអង្គរធំនាព្រឹកថ្ងៃនេះដំណើរការទៅក្នុងបរិយាកាសមួយល្អប្រសើរ។ ជាពិសេសក្រុមការងារចាក់វ៉ាក់សាំង បានរៀបចំការចាក់ដោយគោរពតាមវិធានសុខាភិបាលក្នុងការបង្ការកុំឱ្យមានការរីករាលដាលជំងឺកូវីដ១៩នៅទីតាំងចាក់វ៉ាក់សាំង។

បើតាមលោក ស ថាវី រាល់ប្រជាពលរដ្ឋចូលមកចាក់វ៉ាក់សាំង ត្រូវបានវាស់កម្តៅ បាញ់អាល់កុល និងរៀបចំឱ្យមានការរក្សាគម្លាតផងដែរ។

លោក ស ថាវី បានលើកឡើងដែរថា ក្រុមការងារចាក់វ៉ាក់សាំងមកពីកងពលតូចអន្តរាគមន៍លេខ៨ មានក្រមសីលធម៌ និងបានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងនេះ ដោយគោរពខ្ជាប់ខ្ជួនតាមការប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាការចង្អុលបង្ហាញផ្ទាល់ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីឱ្យការចាក់វ៉ាក់សាំងទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ឯក ស ថាវី ក៏បានបង្ហាញនូវការកត់សម្គាល់ផងដែរថា ប្រជាពលរដ្ឋក្នុងស្រុកអង្គរធំជាច្រើនបានស្ម័គ្រចិត្តទៅទទួលវ៉ាក់សាំង ដែលជាការរៀបចំជូនដោយរាជរដ្ឋាភិបាល និងអាជ្ញាធរ។ ជាពិសេសពួកគាត់បានបង្ហាញនូវទឹកចិត្តរីករាយចំពោះការទទួលបាននូវឱកាសចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ។

ប្រជាពលរដ្ឋដែលបានទៅទទួលវ៉ាក់សាំង បានបង្ហាញនូវការដឹងគុណ និងអរគុណសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយបានប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងចាក់ជូនពួកគាត់ដោយឥតគិតថ្លៃ។

បើតាមលោក ស ថាវី ប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំង បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងឆ្លើយតបបានទាន់ពេលវេលាលើការងារចាក់វ៉ាក់សាំង ដែលជាអាវុធដ៏សំខាន់សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ក្នុងដំណើរការចាក់វ៉ាក់សាំងរយៈពេល១៥ថ្ងៃ នៅក្នុងស្រុកអង្គរធំនេះ លោកឧត្តមសេនីយ៍ឯក ស ថាវី បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ៨០០កេស, ឧបករណ៍ធ្វើតេស្តរហ័ស និងម៉ាស់ចំនួន ២ម៉ឺនម៉ាស់ ព្រមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងនៅក្នុងស្រុកអង្គរធំនេះ៕