(ភ្នំពេញ)៖ រដ្ឋាភិបាលវៀតណាម បានចាត់ទុកជំនួយសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាជំនួយទាន់ពេលវេលា និងប្រកបដោយក្តីអាណិតអាសូរ ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ជាពិសេសទីក្រុងហូជីមិញ។

ជំនួយជាថវិកា ម៉ាស់ និងម៉ាស៊ីនផលិតអុកស៊ីសែនរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលោកស្រី យក សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំយកទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្តិ បានលើកក្នុងពេលប្រគល់ជំនួយទៅកាន់រដ្ឋាភិបាល និងប្រជាជនវៀតណាមថា ការផ្តល់ជំនួយសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅក្នុងប្រទេសវៀតណាម ជាកាយវិការបង្ហាញនូវមនោសញ្ចេតនាមិត្តភាព និងសាមគ្គីភាពរបស់ប្រជាជនកម្ពុជា ជាមួយប្រជាជនវៀតណាម នៅក្នុងកាលៈទេសៈ ដែលពិភពលោកទាំងមូលកំពុងជួបនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក។

ប្រទេសវៀតណាម កំពុងរងការរាតត្បាតយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី «ដែលតា»។ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា វៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបជាង ៥ម៉ឺននាក់ ស្លាប់ ២៥៤នាក់ និងជាង ៤ម៉ឺននាក់កំពុងសម្រាកព្យាបាលជំងឺ។ រដ្ឋាភិបាលវៀតណាម បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក យឿង អាញ់ឌឹក (Duong Anh Duc) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានចាត់ទុកជំនួយរបស់កម្ពុជា គឺជាជំនួយដ៏មានសារសំខាន់ និងឆាប់រហ័សក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅក្នុងប្រទេសវៀតណាម។

លោក យឿង អាញ់ឌឹក បានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងស្មោះអស់ពីដួងចិត្ត ពីថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងហូជីមិញ ចំពោះការគាំទ្រយ៉ាងឆាប់រហ័សទាន់ពេលវេលា និងសេចក្តីអាណិតអាសូរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលផ្តល់ជំនួយឆ្លើយតបនឹងជំងឺកូវីដ១៩ ដែលកំពុងរាលដាលនៅប្រទេសវៀតណាម ជាពិសេសក្នុងទីក្រុងហូជីមិញ»

លោក អាញ់ឌឹក បានបន្តថា «អំឡុងពេលដ៏លំបាក ដែលបណ្តាលមកពីជំងឺរាតត្បាតដ៏កាចសាហាវ, អំពើដ៏ឧត្តុង្គឧត្តម ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺជាកសិណសាក្សី ចំពោះអ្នកជិតខាងដ៏ស្និទ្ធស្នាល និងមិត្តភាព នៃការគាំទ្រ និងជួយគ្នាទៅវិញទៅមករវាងកម្ពុជា និងវៀតណាម។ ជំនួយទាំងនេះ ក៏អះអាងពីប្រពៃណីដ៏ល្អ នៃសាមគ្គីភាព និងសេចក្តីស្រឡាញ់មិនប្រែប្រួល សម្គាល់ពី អ្នកជិតខាងល្អ, មិត្តភាពយូរអង្វែង, កិច្ចសហប្រតិបត្តិការស្ថិតស្ថេរ និងទូលំទូលាយរវាងវៀតណាម និងកម្ពុជាផងដែរ»។

លោក អាញ់ឌឹក បានអះអាងថា នឹងយកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅចាត់ចែងឱ្យបានរហ័សជាទីបំផុតក្នុងជួយដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋវៀតណាម។

សូមជម្រាបថា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុក, សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាស់ធម្មតាចំនួន ១លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៉ីសែន ១០០គ្រឿង ជូនប្រទេស និងប្រជាជនវៀតណាម។

ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ៕