(ភ្នំពេញ)៖ ការជីកស្តារប្រឡាយម័លនៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងជិត ៣គីឡូម៉ែត្រ មកដល់ពេលនេះ សម្រេចបានប្រមាណ៨០ភាគរយហើយ និងគ្រោងរួចរាល់នៅខែសីហា បើទោះបីជួបការលំបាកមួយចំនួន ពិសេសមិនមានផ្លូវសងខាងសម្រាប់ដាក់គ្រឿងចក្រចូលជីក ស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើន។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះថា ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ នៃមន្ទីរធនធានទឹក បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានប្រវែង២៨១៥ម៉ែត្រ និងទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ហើយបើគិតមកដល់ថ្ងៃទី១៩ ខែកក្កដានេះ ការងារស្តារប្រឡាយម័លសម្រេចបាន ៨០ភាគរយហើយ ដោយគ្រោងបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋដោយជំនន់ ទឹកភ្លៀងនារដូវវស្សានេះ។

លោក ម៉ៅ ប៊ុនធឿន បានបន្តថា ការជីកស្តារប្រឡាយម័លនៅពេលនេះ ពិតជាមានការលំបាកខ្លាំង ដោយសារតែមិនមានផ្លូវសងខាង សម្រាប់ដាក់គ្រឿងចក្រចូលជីក ស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើន។ លោកស្នើសុំឱ្យអាជ្ញាធរ ខណ្ឌដង្កោ ជួយសហការក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យការងារនេះបានរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក។

លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ប្រឡាយម័លនេះពិតជាមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញ បាននិងកំពុងរីករាលដាលនៃជម្ងឺកូវីដ១៩ក៏ពិតមែន ប៉ុន្តែសកម្មភាពស្តារ និងអភិវឌ្ឍមូលដ្ឋានរាជធានីនៅតែបន្តដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍ និងដៃម្ខាងទៀត បង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩៕