(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានហាមឃាត់សកម្មភាពគណនី Facebook ចំនួន២ ដែលកំពុងផ្សព្វផ្សាយលក់អាល់កុល និងផលិតផលសម្លាប់មេរោគ មិនចុះបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា Facebook «ទីនទីន បោះដុំ និងលក់រាយអាល់កុលពេទ្យរបស់ខ្មែរ និង Family Hyglene» កំពុងផ្សព្វផ្សាយលក់អាល់កុល និងផលិតផលសម្លាប់មេរោគជាច្រើនប្រភេទគ្មានលេទិដ្ឋាការ បញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល។

ក្រសួងបានបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលសម្រាប់មេរោគ ក៏ដូចជាគ្រឿងសម្អាងគ្រប់ប្រភេទនៅកម្ពុជា ត្រូវមានលេខទិដ្ឋាករ ឬបញ្ជិកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ផលិតផលអាល់កុល និងផលិតសម្លាប់មេរោគលើទំព័រហ្វេសប៊ុកទាំងពីរខាងលើ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព។

ក្រសួងសុខាភិបាល បានប្រកាសចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនី Facebook ឈ្មោះ «ទីនទីន បោះដុំ និងលក់រាយអាល់កុលពេទ្យរបស់ខ្មែរ និង Family Hyglene» ដែលកំពុងផ្សព្វផ្សាយលក់អាល់កុល និងផលិតផលសម្លាប់មេរោគទាំងនេះទៅតាមច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕