(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានសម្រុកសាងសង់ផ្សារទំនើបខ្នាតយក្ស ២៧១ មេហ្គាល ម៉ល ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ ក្នុងរាជធានីភ្នំពេញ ឲ្យបានរួចរាល់តាមការគ្រោងទុកត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ បើទោះបីពិភពលោកកំពុងស្ថិតក្នុងវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្តី។ នេះបើតាមការបញ្ជាក់របស់លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

លោក Arnaud Dufresne បញ្ជាក់ថា៖ «ទោះបីក្នុងសម័យកូវីដក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តសាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល ជារៀងរាល់ថ្ងៃ ដែលសឲ្យឃើញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុន ក្នុងការប្ដេជ្ញាពង្រីកខ្លួនឲ្យកាន់តែធំនៅកម្ពុជា ជាពិសេសលើវិស័យផ្សារទំនើប និងលក់រាយ»

លោកបានបញ្ជាក់បន្ថែមថា ការសាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល នាពេលនេះ សម្រេចបានប្រមាណជា ៦០ភាគរយហើយ ដោយក្នុងនោះ គ្រឿងបង្គុំអគារទាំងមូលសម្រេចបានជាង ៩៦ភាគរយ។ ក្រុមហ៊ុននឹងបញ្ចប់ការសាងសង់ ហើយដាក់ឲ្យដំណើរការតាមការគ្រោងទុក។

លោក Arnaud Dufresne ឲ្យដឹងទៀតថា៖ «ការប្រឹងប្រែងសាងសង់ឥតឈប់ឈរនេះ ក៏បានផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់ដៃគូពាណិជ្ជកម្មរបស់យើង មិនថាក្រុមហ៊ុនក្នុងស្រុក ឬក្រៅស្រុកនោះទេ ក្នុងការជ្រើសរើសផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល សម្រាប់ជួល ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន រួមមានផ្នែកសំលៀកបំពាក់ ការកម្សាន្ត គ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះ អាហារ និងភេសជ្ជៈជាដើម។ វត្តមានទាំងនេះ នឹងធ្វើឲ្យផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល របស់យើងផ្តល់ជាជម្រើសផលិតផល និងសេវាកម្មយ៉ាងសម្បូរបែបដល់អតិថិជនដែលដើរកម្សាន្ត និងទិញទំនិញនៅក្នុងផ្សារទំនើប»

ជាមួយគ្នានេះដែរ ផ្សារទំនើបដ៏ធំមួយនេះ ក៏កំពុងបើកទ្វារស្វាគមន៍ដៃគូពាណិជ្ជកម្មនានាដែលមានបំណងចង់ជួលផ្ទៃក្រឡាក្នុងផ្សារទំនើបដើម្បីដាក់លក់ផលិតផល និងសេវាកម្មរបស់ខ្លួនផងដែរ។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល ជាគម្រោងវិនិយោគដ៏ធំដែលមានទីតាំងសម្រាប់ជួលរហូតដល់ទៅ ២៥០ ទីតាំង។ គម្រោងនេះ នឹងប្រែតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលខាងមុខ។

សម្រាប់ព័ត៌មានលម្អិតអំពីការជួលផ្ទៃក្រឡានៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល សូមទាក់ទងតាមរយៈ 066 922 888/085 922 888/093 922 888 អ៉ីម៉ែល [email protected] ឬហ្វ៊េសប៊ុកផេក Chip Mong 271 Mega Mall https://www.facebook.com/chipmong271megamall