(ភ្នំពេញ)៖ លោក វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា បានលើកឡើងថា នៅដំណាក់កាលនេះ វៀតណាមគួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ នៅក្នុងដំណាក់កាល ដែលប្រទេសវៀតណាម កំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ។
ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសទទួលថវិកាពី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជា-វៀតណាម ដែលជាការជួយឧបត្ថម្ភដល់វៀតណាម ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោក វ៉ូ ក្វាងម៉ិញ បានថ្លែងយ៉ាងដូច្នេះថា «វៀតណាម គួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ នៅក្នុងដំណាក់កាលដែលប្រទេសវៀតណាម កំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ»។
លោក វ៉ូ ក្វាងម៉ិញ បានថ្លែងកោតសសើរ នូវចំណាត់ការដ៏មានប្រសិទ្ធភាពដឹកនាំលើវិស័យសុខាភិបាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទាំងយុទ្ធសាស្ត្រការពារ និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងមនុស្សពេញវ័យ រហូតដល់យុវវ័យចន្លោះ១២-១៧ឆ្នាំ ដែលនឹងត្រូវចាក់នាពេលខាងមុខនេះ។ លោកបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជួយដល់ប្រទសវៀតណាមគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ។
សូមជម្រាបថា ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៥,៩២៦ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៥,៨៨៧ជាករណីឆ្លងនៅក្នុងស្រុក និងមាន៣៩នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរ៉ាប់រ៉ងចំនួន ៤,៦៩២ករណី។
សរុបរួម គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៥៣,៨៣០នាក់ ក្នុងនោះស្លាប់២៥១នាក់។
ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុក, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចឧបត្ថម្ភថវិកា និងសម្ភារៈ បរិក្ខាពេទ្យជូនដល់ប្រទេសវៀតណាមផងដែរ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានឧបត្ថម្ភថវិកាព្រមគ្នានេះដែរ៕