(សៀមរាប)៖ មណ្ឌលផ្តល់សេវាសាធារណៈថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបង្កើតឡើងសម្រាប់ការបង្ខិតការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងទទួលយកសេវាកម្មផ្សេងៗនឹងបើកឱ្យដំណើរការជាផ្លូវការនៅក្នុងផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ ក្រោយអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មណ្ឌលផ្តល់សេវាសាធារណៈថ្មីមួយទៀត នៅក្នុងផ្សារទំនើបហេរីថេក វ៉ក ខេត្តសៀមរាបនេះ បានធ្វើរួចរាល់និងបានបើកដំណើរការសាកល្បង ជាមួយនឹងការអនុវត្តន៍នូវវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹងបំផុត រយៈពេល៣ខែមកហើយ និងទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋផងដែរ។ ការបើកដំណើរការមណ្ឌលផ្តល់សេវាសាធារណៈនៅថ្ងៃស្អែកនេះ នឹងរៀបចំឡើងដោយអនុវត្តន៍តាមគោលការណែនាំយ៉ាងតឹងរ៉ឹងរបស់ក្រសួងសុខាភិបាលផងដែរ។

លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ទៀតថា គោលបំណងនៃការបើកមណ្ឌលផ្តល់សេវាសាធារណៈនេះ គឺដើម្បីបង្ខិតសេវាសាធារណៈឲ្យកាន់តែកៀកទៅនឹង ប្រជាពលរដ្ឋ និងជួយឱ្យពលរដ្ឋបានងាយស្រួល ក្នុងការទទួលយកសេវាផ្សេងៗនៅតាមមណ្ឌលផ្ដល់សេវានេះ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា មណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើប ហេវីថេក វ៉ក នេះ មានផ្ដល់សេវាសំខាន់ៗចំនួន៣ រួមមាន ការចុះបញ្ជីយានយន្ត និងការផ្ទេរកម្មសិទ្ធិ, ការប្តូរនិងការពន្យារប័ណ្ណបើកបរយានយន្ត និងការធ្វើឈៀករថយន្ត ដែលសេវាទាំងនេះគឺ ដើម្បីបង្កើតឡើងដើម្បីភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការស្វែងរកសេវាសាធារណៈរបស់រដ្ឋ និងកាត់បន្ថយនូវរាល់ការចំណាយក្រៅផ្លូវការផ្សេងៗ ដែលនាំឱ្យមានការខាតបង់នូវថវិការបស់ប្រជាពលរដ្ឋ ដោយសេវាទាំងនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដោយគ្រាន់តែធ្វើតែម្ដងនៅក្នុងមណ្ឌលផ្តល់សេវានេះ និងបានរួចរាល់តែម្ដង។

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា គិមមកដល់ពេលនេះ មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានដូចជា៖ មណ្ឌលផ្តល់សេវា សាធារណៈនៅផ្សារទំនើបអ៊ីអន១, មណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបអ៊ីអន២, មណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល, មណ្ឌលផ្តល់សេវាសាធារណៈនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបផ្សារទំនើបហេរីថេក វ៉ក ជាន់ទី២ ដែលមណ្ឌលនេះក៏ជាមណ្ឌលទី១ នៅតាមបណ្តាខេត្តផងដែរ។

សម្រាប់ព័ត៌មានលម្អិតនៃការបើកសម្ភោធជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើប ហេរីថេក វ៉ក នៅក្នុងខេត្តសៀមរាបនេះ អង្គភាពព័ត៌មាន Fresh News នឹងផ្សាយជូនបន្ថែមនៅថ្ងៃស្អែនេះ៕