(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានឱ្យដឹងថា គិតត្រឹមថ្ងៃ២០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣,២៨៧ករណី និងស្លាប់ ៦១នាក់។

លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានបន្តថា ជំងឺកូវីដ១៩ ចាប់ផ្ដើមឆ្លងលើប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដំបូងចេញពីកម្មករកម្មការិនីរោងចក្រ បន្ទាប់មកឆ្លងដល់អាជីវករតាមបណ្ដាផ្សារ បន្ទាប់មកទៀតឆ្លងដល់មន្ត្រីរាជការ អ្នកផ្ដល់សេវាតែម្ដង។ ដូច្នេះ រលកនៃការឆ្លងជំងឺនេះ រដ្ឋបាលខេត្តកំពង់ចាមត្រូវតែមានវិធានការបន្ថែមទៀត ដើម្បីអន្តរាគមន៍ទប់ស្កាត់កុំឱ្យមានការឆ្លងក្នុងកម្រិតទ្រង់ទ្រាយធំ និងទប់ស្កាត់អត្រាបាត់បង់ជីវិត ដោយសារជំងឺនេះ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា កិច្ចការបន្តរបស់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានរៀបចំក្រុមការងារទំនាក់ទំនង និងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ហើយក្រុមការងារ និងឆ្លើយតបបន្ទាន់ ទៅនឹងការរាតត្បាតជំងឺនៅគ្រប់លំដាប់ថ្នាក់ដូចជា៖ មណ្ឌលត្រួតពិនិត្យសុខភាពថ្នាក់ស្រុកប្រតិបត្តិ គ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលត្រួតពិនិត្យសុខភាពថ្នាក់ខេត្ត សណ្ឋាគារមេគង្គ និងមន្ទីរពេទ្យខេត្ត។

ការបង្កើតក្រុមគ្រូពេទ្យជួរមុខសម្រាប់ព្យាបាលជំងឺកូវីដ១៩ បានបណ្តុះបណ្តាលបង្កើតក្រុមតាមដាន និងចុះជាប្រចាំស្រង់យករាល់សំណាកដែលសង្ស័យ ក្រុមការងារបែងចែកធនធានថវិកា និងផ្គត់ផ្គង់សម្ភារៈ ឆ្លើយតបរាល់សកម្មភាព ក្រុមការងារអចិន្ត្រៃយ៍ គ្រប់គ្រងរាល់ព័ត៌មាន របាយការណ៍ទំនាក់ទំនងផ្សេងៗ។

ទន្ទឹមនឹងនេះរដ្ឋបាលខេត្តបានបណ្តុះបណ្តាលដល់គ្រប់មន្ត្រីសុខាភិបាល និងនិស្សិតពេទ្យទាំងវិធានការការពារ ការចម្លងរោគ និងរៀបចំនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំរួចរាល់នូវមន្ទីរព្យាបាលជំងឺកូវីដ១៩ មាននៅសណ្ឋាគារមេគង្គ មានចំនួន ៤០៥គ្រែ, វិទ្យាល័យព្រះស៊ីហនុ ចំនួន ១២១៥ គ្រែ, សាលាបថមសិក្សាដីដុះ ត្រៀម៣០០គ្រែ និងវិទ្យាល័យសំបួរមាស ត្រៀម ៤៥០គ្រែ។ ក្រុមគ្រូពេទ្យព្យាបាល គឺមានចំនួន១២ក្រុម បានបណ្តុះបណ្តាលរួច (វេជ្ជបណ្ឌិត៣, គិលា.៤ , ឆ្មប៣. អ្នកអនាម័យ៤. អ្នកបើកបរ ១ជាសរុប ១៥នាក់)៕