(កំពង់ចាម)៖ ប្រជាពលរដ្ឋ រស់នៅស្រុកចំការលើ ខេត្ដកំពង់ចាម បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង ពេលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងប្ដេជ្ញារួមគ្នាបន្ដគោរពវិធានការ ក្រសួងសុខាភិបាល និង៣ការពារ ៣កុំ ដែលជាការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី ដន គីមឡាង អាយុ ៥៥ឆ្នាំ និងលោកស្រី ម៉េត ពិសី អាយុ៤៦ឆ្នាំ ជាកសិកររស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ដែលបានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាព ស្វាយមាស នៅភូមិឃុំខាងលើ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្ដែងការត្រេកអរ សប្បាយរីករាយយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីការពារពីជំងឺកូវីដ១៩។

ពលរដ្ឋទាំងពីររូបនេះ ក៏បានលើកឡើងស្រដៀងថា «កំលុងការរាលត្បាតជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់វ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ ពួកខ្ញុំត្រេកអរណាស់ បានការពារអាយុជីវិត ពីជំងឺ ដ៏កាចសាហាវនេះ។ ដោយជំងឺកូវីដនេះ អាចបំផ្លាញរាងកាយយើង ឱ្យគ្រោះថ្នាក់ដល់ជីវិតយើងបាន ដល់តែមានវ៉ាក់សាំងចឹង ខ្ញុំត្រេកអរណាស់»។ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលលោកបានគិតគូរដល់ប្រជាពលរដ្ឋ។ ពួកខ្ញុំស្រលាញ់សម្ដេចតេជោ ប្រមុខដឹកនាំប្រទេសយើងណាស់ ហើយក៏សូមជូនពរលោក មានអាយុយ៉ឺនយូរ ជាម្លប់ការពារ គ្រប់គ្រងប្រទេសជាតិយើង»។

សូមជម្រាបផងដែរថា អ្នកដែលស្ម័គ្រចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៦លាន ដែលទទួលបានថវិកាលើកទឹកចិត្ដ ចំនួន១០លានរៀល និងសម្ភារមួយចំនួន ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីព្រឹកមិញនេះ ក៏បានរកឃើញនៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ដកំពង់ចាមផងដែរ៕