(ភ្នំពេញ)៖ យុវជនរត់ម៉ូតូឌុបម្នាក់ បានមកត្អូញត្អែរទាំងទឹកភ្នែករលីងរលោង ដោយសុំដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលព្រែកលៀបភ្លាមៗ បន្ទាប់ពីមានជនមិនស្គាល់ពីអត្តសញ្ញាណម្នាក់ បានមកឆបោកម៉ូតូC១២៥មួយគ្រឿង ដែលទើប នឹងទិញបង់រំលោះពីក្រុមហ៊ុនបាន១ថ្ងៃ។ ហេតុការណ៍ឆបោកម៉ូតូខាងលើ បានកើតឡើងនៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចការដ្ឋានសំណង់មួយកន្លែង ក្នុងបុរីរុងរឿង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ រាជ ពិសី អាយុ២៦ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប បានប្រាប់សមត្ថកិច្ចឲ្យដឹងទៀតថា មុនកើតហេតុរូបគេបានដឹកជនសង្ស័យម្នា​ក់ ដែលមិនស្គាល់ពីអត្តសញ្ញាណ ចេញពីផ្សារព្រែកលៀប មកឈប់ខាងមុខការដ្ឋានសំណង់មួយកន្លែង ក្នុងបុរីរុងរឿងដែលជាចំណុចកើតហេតុ និងគ្មានមនុស្សស្នាក់នៅ ស្រាប់តែភ្លាមនោះ ជនសង្ស័យបានទទួលទូរស័ព្ទនិយាយជាមួយបក្ខពួក ហើយបានហាខ្ចីម៉ូតូរបស់ជនរងគ្រោះ ដើម្បីទៅឃ្លាំងជួបមេរបស់គេ ដែលពួកគេ ពុំដែលស្គាល់គ្នាពីមុនមកឡើយ។

ភ្លាមៗនោះ ជនរងគ្រោះមិនហ៊ានប្រកែកឡើយ ដោយប្រគល់សោឲ្យជនសង្ស័យ ជិះយកម៉ូតូចេញទៅបាត់ស្រមោលតែម្ដង។ ជនរងគ្រោះ បានអង្គុយរង់ចាំម៉ូតូត្រឡប់មកវិញ ពុំឃើញដោយមានការភ័យខ្លាច និងឆ្លេរឆ្លាសម្រេចមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលព្រែកលៀប ដើម្បីសុំឲ្យសមត្ថកិច្ចប៉ុស្ដិ៍ ជួយអន្តរាគមន៍ស្វែងរកម៉ូតូរបស់ខ្លួន ដែលមានជនសង្ស័យម្នាក់ បានឆបោកយកទៅបាត់។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងទៀតថា ម៉ូតូរបស់គាត់ ដែលជនសង្ស័យបានឆបោក យកទៅបាត់នោះម៉ាកសង់ឌ្រីម C១២៥ ពណ៌ខ្មៅសេរីថ្មីឆ្នាំ២០១៦ និងពុំទាន់កឹបស្លាកលេខឡើយ ព្រមទាំងទើប និងទិញដោយបង់រំលោះពីក្រុមហ៊ុន​ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ម្សិលមិញក្នុងតម្លៃ២០០០$ (ពីរពាន់ដុល្លា) ដោយបង់រំលោះឲ្យក្រុមហ៊ុន ក្នុងមួយខែ៨០$ (ប៉ែតសឹបដុល្លា) និងបង់រយៈពេល២ឆ្នាំទើបរួច៕