(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែខិតខំរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានជោគជ័យតាមផែនការ ប្រយោជន៍នាំទៅដល់ភាពស៊ាំនៅក្នុងសង្គម និងសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងឱកាសទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ជប៉ុន ជំហានដំបូងប្រមាណ៣៣.២ម៉ឺនដូស នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា៖ «ទោះដោយតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែសម្រេចឱ្យបាននូវការចាក់វ៉ាក់សាំង ជូនដល់ប្រជាជនកម្ពុជាដែលដល់អាយុត្រូវចាក់ ហើយដែលពេទ្យអនុញ្ញាតឱ្យចាក់»។
ដើម្បីបង្កើនភាពស៊ាំនៅក្នុងសង្គមទប់ទល់ជាមួយនឹងការរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋឱ្យបាន១០លាននាក់ ក្នុងរយៈពេល២ឆ្នាំ ប៉ុន្តែទោះជាយ៉ាងនេះក្តី រហូតដល់បច្ចុប្បន្ននេះ ចំនួនវ៉ាក់សាំងដែលកម្ពុជាទទួលបាន កំពុងរំកិលទៅមុនផែនការ។ រហូតដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងជាង ១៧លានដូសហើយ និងចាក់ជូនប្រជាពលរដ្ឋជាង ៦.៤លាននាក់រួចហើយ ដែលស្មើនឹង ៦៤.៥៥% ធៀបនឹងគោលដៅចំនួនប្រជាពលរដ្ឋត្រូវចាក់ប្រមាណ ១០លាននាក់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានបន្ថែមផែនការចាក់វ៉ាក់សាំងដល់កុមារអាយុចម្លោះ១២ឆ្នាំ ដល់១៧ឆ្នាំផងដែរ ដែលយុទ្ធនាការនៃការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ចន្លោះ១២ឆ្នាំដល់១៧ឆ្នាំ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បើចាក់១២លាននាក់យើងមាន៧៥ភាគរយ បើចាក់១៣លាននាក់ យើងនឹងមានចំនួនដល់ទៅ៨១.២៥ភាគរយ ដូច្នេះយើងនឹងមានភាពស៊ាំក្នុងសហគមន៍នៅសល់តែក្មេងតូចៗ»។ សម្តេចបានបន្តថា ក្មេងតូចៗដែលនៅសេសល់ទាំងនោះ បានទទួលវ៉ាក់សាំង៦មុខការពាររួចទៅហើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងទៅមានអ្នកខ្លះធ្វើអត្ថាធិប្បាយថា ប្រហែលជាមរតកធំបំផុតរបស់ «ហ៊ុន សែន» គឺវ៉ាក់សាំង។ «ខ្ញុំគ្រាន់តែបញ្ជាក់ទៅវិញថា មរតកហ៊ុន សែន មិនមែនមានតែវ៉ាក់សាំងនោះទេ មរតកធំរបស់ ហ៊ុន សែន គឺការយកប្រជាជនចេញពីការសម្លាប់៧មករា១៩៧៩ មរតកហ៊ុន សែន ក៏បានយកប្រជាជនកម្ពុជា ចេញពីសង្រ្គាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ»។ នេះជាការបញ្ជាក់របស់សម្តេច។
សម្តេចបានបន្តថា មរតករបស់សម្តេចមានច្រើនទៀត ប៉ុន្តែពេលនេះសម្តេចមិនចង់បាន មរតកឬមិនមរតកទេ ប៉ុន្តែអ្វីដែលសំខាន់របស់សម្តេច គឺសុខុមាលភាពរបស់ប្រជាជន ជីវិតរបស់ប្រជាជន ត្រូវបានធានា។ «ហើយជីវិតដំបូងបំផុតមិនមែនសិទ្ធិបញ្ចេញមតិ ឬប្រជាធិបតេយ្យទេ គឺសិទ្ធិរស់រានមានជីវិតដែលត្រូវទទួលបានមុនគេ»៕