(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានទទួលអំណោយពីលោក ញ៉ែម ប៊ុនថា សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានបរិច្ចាគជូនរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

នៅក្នុងឱកាសនោះលោក ប្រាក់ សុវណ្ណ បានអរគុណចំពោះលោក ញ៉ែម ប៊ុនថា និងក្រុមគ្រួសារ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស្របតាមទិសដៅរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ ស្របពេលដែលខេត្តព្រះវិហារ បានបិទខ្ទប់ជាបណ្តោះអាសន្នរយះពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមសារាចរណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នោះ លោកអភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ត្រូវបន្តគោរពអនុវត្តន៍ឲ្យបាន តាមសេចក្តីសម្រេចនានារបស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញ។

ម្យ៉ាងវិញទៀត ចំពោះអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្តាលស្រុកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង កំពង់ធំ សៀមរាប និងឧត្តរមានជ័យ ត្រូវត្រួតពិនិត្យឲ្យម៉ឺងម៉ាត់ចំពោះរថយន្តដឹកទំនិញផ្សេងៗមកខេត្តព្រះវិហារ ពិសេសអនុវត្តវិធានការការពារជំងឺកូវីដ១៩ ដោយស្គែនកំដៅ បាញ់អាល់កុល និងធ្វើតេស្តរហ័សជាមុនៗ នឹងអនុញ្ញាតឲ្យបន្តដំណើរចូលមកខេត្តព្រះវិហារ។

លោកអភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ និងការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍យើងពីជំងឺកូវីដ១៩។

សូមបញ្ជាក់ថា អំណោយដែលលោក ញ៉ែម ប៊ុនថា នាំមកប្រគល់ជូនអាជ្ញាធរខេត្តនាពេលនេះរួមមាន៖ ទឹកបរិសុទ្ធចំនួន៥០០កេស មីចំនួន១០០កេស និងត្រីខចំនួន១០កេសផងដែរ៕