(ត្បូងឃ្មុំ)៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ចាប់ផ្តើមបើកយុទ្ធនាការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទចនសុនចនសុន (Johnson & Johnson) របស់អាមេរិច ចំនួន៩៨,៤៨៥ដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បែងចែកជូនខេត្តត្បូងឃ្មុំ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកចំនួន៣ ដែលមានទីតាំងសំខាន់ៗចំនួន៣២ទីតាំង ក្នុងនោះរួមមាន៖ ស្រុកត្បូងឃ្មុំ ចំនួន១១ទីតាំង ស្រុកពញាក្រែក ចំនួន១០ទីតាំង និងស្រុកអូរាំងឪ ចំនួន១១ទីតាំង ខណៈក្រុង-ស្រុកចំនួន០៤ បានចាក់ជូនពលរដ្ឋរួចរាល់ផងដែរ។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson នាឱកាសនោះ បានធ្វើឡើងក្រោមអធិបតីភាពលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងឬស្សី ស្ថិតក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំង និងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ១៩ របស់សម្តេចដោយជឿជាក់យ៉ាងមុតមាំលើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះជំងឺកូវីដ១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនយើងជាក់ជាមិនខាន។

ក្នុងនោះដែរ លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះជំងឺកូវីដ១៩បម្លែងថ្មី ប្រភេទដែលតា (Delta) ដែលកំពុងរាលដាលក្នុងមូលដ្ឋានខេត្តមួយចំនួន ជាក់ស្ដែងនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក៏មានអ្នកជម្ងឺឆ្លងចំនួន១២នាក់ ប៉ុន្តែបានជាសះស្បើយអស់ចំនួន១០នាក់ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរបន្តទៀត ក្នុងអាការៈល្អប្រសើរ។

សូមបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ប្រជាពលរដ្ឋដែលបានមកទទួលវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ខេត្តត្បូងឃ្មុំ អ្នកចាក់វ៉ាក់សាំងដូសទី២ មានចំនួនជាង៣៨,៧៤៥នាក់ហើយ និងដោយឡែកអ្នកកំពុងបានចាក់វ៉ាក់សាំងដូសលើកទី១ បានចំនួន៩៨,២៥៧នាក់៕