(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើឲ្យថ្នាក់ដឹកនាំ មន្ត្រី អាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវបង្កើន និងពង្រឹងវិធានការប្រយុទ្ទទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ការស្នើនេះខណ:លោកអភិបាលខេត្ត ជាវ តាយ ដឹកនាំក្នុងកិច្ចប្រជុំគណ:អភិបាលខេត្ត បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ តាមរយៈវីដេអូ Zoom តភ្ជាប់ពីបណ្ដាក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត។

លោក ជាវ តាយ បន្តលើកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កន្លងមកថ្មីនេះ បានដាក់ចេញជាវិធានការនានា និងណែនាំ ជំរុញដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ តាមបណ្ដា រាជធានី-ខេត្ត ឲ្យបង្កើនការប្រុងប្រយ័ត្នដាក់ចេញជាវិធានការ បង្ការនានា ដើម្បីទប់ស្កាត់ ឲ្យមានប្រសិទ្ធភាព ពិសេសការប្រឈមនឹងរលកទី៣ នៃការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta) ដែលបច្ចុប្បន្ន បានរកឃើញក្នុងប្រទេសកម្ពុជាយើង។

លោកបន្តថា «ដោយឡែកចំពោះខេត្តកំពត យើងត្រូវសហការយកចិត្តទុកដាក់ទាំងអស់គ្នា ឲ្យបានល្អ ពាក់ព័ន្ធវិធានការ និងចំណាត់ការ ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ពិសេសការអនុវត្តនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពី ការដាក់ចេញយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពតឲ្យមានប្រសិទ្ធភាព ខណ:ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាសកល ពិសេសក្នុងសហគមន៍ នៃបណ្ដារាជធានី ខេត្ត ក្នុងប្រទេសកម្ពុជា យើងបច្ចុប្បន្ន នៅមិនទាន់ធូរស្បើយផងនោះ»

លោកអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរ ក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ត្រូវបន្តស្មារតី យកចិត្តទុកដាក់សហការចូលរួមអនុវត្តនូវសារាចរណែនាំលេខ០៤នេះ ឲ្យបានយ៉ាងម៉ឺងម៉ាត់ ជាទីបំផុត និងភាពទន់ភ្លន់ ដើម្បីការពង្រឹងវិធានការផ្នែករដ្ឋបាល ផ្នែកសុវត្ថិភាពសុខាភិបាល និងផ្នែកច្បាប់ ធានាឲ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាពិសេសឆ្លើយតបទៅនឹងការងាររដ្ឋបាលខេត្ត ដែលបានដាក់ចេញនូវវិធានការនានា ហាមឃាត់ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកំសាន្ត ជាអាទិ៍ ខារ៉ាអូខេ រង្គសាល កន្លែងម៉ាស្សា ក្លឹបហាត់ប្រាណ រោងភាពយន្ត។ល។ ហាមលក់និងសេពគ្រឿងស្រវឹង ហាមឃាត់ការប្រមូលផ្តុំមនុស្ស និងការដាក់បម្រាមគោរចរ ពីចន្លោះម៉ោង ២១ រហូតដល់ម៉ោង ៣ទាបភ្លឺ។ ប្រសិនបើមានការល្មើសនឹងបទបញ្ជាហាមឃាត់នេះ ត្រូវចាត់វិធានការអប់រំណែនាំ ឬផាកពិន័យ ឬបិទទីតាំងអាជីវកម្មរបស់ពួកគាត់តែម្តង៕