(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី ដែលបច្ចុប្បន្នជាប្រធានកិត្តិយស នៃគណបក្សឆន្ទៈខ្មែរ បានជឿជាក់ថា នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ អាចនឹងមានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ច្រើនថែមទៀត ស្នើសុំនីតិសម្បទានយោបាយឡើងវិញ ទោះបីជាមានការព្រមានរឹតបន្តឹង។

តាមរយៈបណ្តាញសង្គម Facebook លោក គង់ គាំ បានពន្យល់ថា មូលហេតុដែលជំរុញឱ្យ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ច្រើនថែមទៀត ស្នើសុំនីតិសម្បទានយោបាយនេះ ដោយសារតែពួកគេ មិនចង់ពាក់ព័ន្ធនឹង ការបង្កើតរដ្ឋាភិបាលរួបរួមជាតិ (ខុសច្បាប់) ដែលប្រកាសរៀបចំដោយ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម។

លោក គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យ៉ាងហោចណាស់ អ្នកនយោបាយនៃអតីត CNRP ដែលជាប់បម្រាមចំនួនមួយភាគបី (អាចច្រើនឡើងៗ មុនឆ្នាំ២០២២/ឆ្នាំ២០២៣) បន្តសុំសិទ្ធិធ្វើនយោបាយ នៅកម្ពុជាឡើងវិញ ដោយឈប់រវើរវាយ ពិសេសមិនចង់ពាក់ព័ន្ធគម្រោងរដ្ឋាភិបាលរួបរួមជាតិ (ខ្មោច/ខ្យល់) របស់ សម រង្ស៊ី និងក្រុមក្រៅច្បាប់ ក្រៅប្រទេស ឬគម្រោង (សហគមន៍អាស៊ានស្រមោល) នៃក្រុមអ្នកនយោបាយ មិនកាន់អំណាចរបស់បណ្តាប្រទេសអាស៊ាន ដើម្បីសង្គ្រាមត្រជាក់ថ្មី រវាង (BRI/ចិន - B3Wសហរដ្ឋអាមេរិក/EU)»

ទោះជាយ៉ាងនេះក្តី ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចន្លោះពី១២ ដល់១៧ឆ្នាំ នៅវិមានសន្តិភាព នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសរឹតបន្តឹងលើការស្នើសុំនីតិសម្បទា ធ្វើនយោបាយរបស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ មួយចំនួនទៀត ដែលជាប់បម្រាមតុលាការ ដោយសម្តេចបញ្ជាក់ថា ចាប់ពីពេលនេះតទៅសំណើរបស់អ្នកទាំងនោះ នឹងត្រូវទុកពេលពិចារណាមួយរយៈសិន។

ការប្រកាសរឹតបន្តឹងនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចបានបដិសេធមិនស្នើសុំសិទ្ធិធ្វើនយោបាយជូនដល់ អតីតសមាជិកជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ២រូប នោះគឺ លោក ជួង ជូងី និង លោក ញ៉ឹម គឹមញ៉ុល ដែលរាជរដ្ឋាភិបាលកម្ពុជា បានរកឃើញថា មានការពាក់ព័ន្ធនឹងបទល្មើស។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២៤រូបហើយ ក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ១១៨នាក់ ដែលតុលាការហាមឃាត់ការធ្វើនយោបាយរយៈពេល៥ឆ្នាំ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ៕