(ភ្នំពេញ)៖ នៅក្នុងរយៈពេលពេញមួយខែកក្កដា ឆ្នាំ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាជូនកម្លាំងចម្រុះដែលកំពុងឈរជើងយាមកាមសរុបជិត ២០០គោលដៅ ក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។

នេះគឺជាការបរិច្ចាគប្រចាំខែជូនដល់គោលដៅនៅទូទាំង ២៥ ខេត្តក្រុង ដើម្បីលើកទឹកចិត្តការចូលរួមក្នុងសកម្មភាពកិច្ចការសង្គម និងផ្តល់កម្លាំងចិត្តដល់កម្លាំងចម្រុះដែលខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ ជាពិសេសក្នុងស្ថានភាពនាពេលនេះ។ ក្រុមហ៊ុនក៏នឹងបរិច្ចាគបន្ថែមទៀតសម្រាប់ខែសីហា ឆ្នាំ២០២១ ។

គួរបញ្ជាក់ថា ក្រៅពីការបរិច្ចាគខាងលើ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក៏បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈជាច្រើនម៉ឺនកេស ជូនស្ថាប័នផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ៕