(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានដឹកនាំសហការី រួមជាមួយមេគណខេត្ត ចុះប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនស្ត្រីមេម៉ាយទីទ័លក្រ ១នាក់ ឈ្មោះ ឆៃ អ៊ូ អាយុ៤៥ឆ្នាំ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ។

បើតាមនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត លោក ទូច ឆៃ បានឱ្យដឹងថា ស្ត្រីឈ្មោះ ឆៃ អ៊ូ ជាស្ត្រីមេម៉ាយទីទ័លក្រ មានកូនស្រី ប្រុស ២នាក់ក្នុងបន្ទុក។ ក្រោយប្តីស្លាប់ជីវិតគាត់ និងកូនធ្លាក់ខ្លួនរស់នៅយ៉ាងលំបាកបំផុត ព្រោះគ្មានទុន គ្មានមុខរបរអ្វីច្បាស់លាស់ ហើយខ្លួនឯងក៏ថ្លង់ទៀត សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងខ្ទមតូច ដែលបិទបាំងដោយដែកសង្កសីចាស់ៗ ដែលអ្នកជិតខាងបានផ្តល់ឱ្យនៅលើដីទំហំ ៩ម៉ែត្រ គុណ២១ម៉ែត្រ ដែលបងស្រីបង្កើតរស់នៅក្បែរនោះ បានប្រគល់អោយជាកម្មសិទ្ធិ។

លោក ទូច ឆៃ បានបន្តថា ស្ត្រីរូបនោះក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈប័ណ្ណសមធម៌ក្រមួយគាត់ត្រូវដើររើសអេតចាយ និងជួយលាងចានឆ្នាំង តាមផ្ទះគេ គ្រាន់បានកម្រៃប្រចាំថ្ងៃ ចិញ្ចឹមកូនតូចៗ ទាំង២នាក់។

ដោយបានដឹងអំពីស្ថានភាពលំបាកនេះ ទើបលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី ទំហំ៤ម គុណ៦ម៉ែត្រ ចំនួនមួយខ្នង តម្លៃ ៩,៨០០,០០០រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណៈអនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្ត និងសប្បុរសជន ជូនស្ត្រី ឆៃ អ៊ូ សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានក្រើនរំឮកដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានជាប្រចាំ ហើយត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ចាំបាច់ត្រូវតែយកចិត្តទុកដាក់អនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីជៀសឱ្យផុតពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ក្នុងស្ថានភាពដែលវីរុសបម្លែងខ្លួនថ្មី ប្រភេទ Delta កំពុងចរាចរវាយលុកយ៉ាងសកម្ម ដែលជាបញ្ហាប្រឈម និងជាក្តីកង្វល់ដ៏ធំ សម្រាប់កម្ពុជា ពិសេសនៅក្នុងគ្រួសារ និងសហគមន៍។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារស្ត្រី ឆៃ អ៊ូ សម្រាប់ការឡើងផ្ទះថ្មីនេះរួមមាន៖ អង្ករ៥០គីឡូក្រាម, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប, មី១កេស, ឃីត១សម្រាប់, អាវយឺត៨, សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០០,០០០រៀល។

ដោយឡែកប្រជាពលរដ្ឋខ្វះខាតជីវភាពចំនួន ១២គ្រួសារទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ក្នុងមួយគ្រួសាររួមមាន៖ អង្ករ, ត្រីខ, ឃីត, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងអាវយឺត ព្រមទាំងថវិកាចំនួន ២០,០០០រៀលផងដែរ៕