(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចលុបចោលបំរាមហាមឃាត់ ការធ្វើដំណើររបស់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់មកពីប្រទេសឥណ្ឌា ចូលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។

ការលុបចោលបំរាមនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពធូរស្រាល នៃការរីករាលដាលជំងឺកូវីដ-១៩ នៅសាធារណៈរដ្ឋឥណ្ឌា។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមសភាពធូរស្រាល នៃការរីករាលដាលជម្ងឺកូវីដ-១៩ នៅសាធារណរដ្ឋឥណ្ឌា ក្រសួងសុខាភិបាល សូមប្រកាសលុបចោល សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ ចូលមកប្រទេសកម្ពុជាចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល៣សប្តាហ៍មុន ចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក។ សេចក្តីប្រកាសនេះ នឹងត្រូវចូលជាធរមាន ចាប់ពីម៉ោង២៣:៥៩ ថ្ងៃទី០៦ (០០៖០១ ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១តទៅ»៕