(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានថ្លែងបញ្ជាក់ថា មេរោគបំប្លែងថ្មី Delta កំពុងចរាចរនៅកម្ពុជា មានចំនួន ៣២៧ករណី ហើយនៅចំណោមនោះស្រី ចំនួន ១៥៧នាក់ បើគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នំា២០២១។

លោកស្រីបន្ថែមថា ការរកឃើញវីរុសថ្មីទៀតនេះ ឆ្លុះបញ្ចំងឃើញថាមេរោគ Delta នេះ កំពុងតែវាយលុកនៅកម្ពុជា ពិសេសរកឃើញពលរដ្ឋឆ្លងកាត់តាមព្រំដែនកម្ពុជា-ថៃផង, រកឃើញនៅតាមសហគមន៍ផង និងរកឃើញពលករខ្មែរយើងដែលមកពីក្រៅប្រទេស លួចចូលមកតាមច្រកល្អៀងទៅផ្ទះតែម្ដង ដែលយកមេរោគ Delta នេះទៅចម្លងអ្នកផ្ទះ ដូចជា មាតា បិតា ជីដូនជីតា បងប្អូនជាដើម។

ការថ្លែងដូច្នេះ របស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជូនដល់លោកតា លោកយាយ អាយុជាង១០០ឆ្នាំ នៅតាមបណ្ដាលខេត្ដ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងបន្ដថា «ពេលនេះយើងកំពុងឋិតនៅមាត់ជ្រោះមហន្ដរាយនៃសុខភាពសាធារណៈ ប្រសិនបើយើងទាំងអស់គ្នា មិនចូលរួមគោរពវិធានការសុខាភិបាល និងមិននាំគ្នាគោះស្គរ គោះប៉ោត ដើម្បីឱ្យមានការភ្ញាក់រលឹកនោះ យើងនឹងចៀសមិនផុតពីគ្រោះមហន្ដរាយទាំងនេះទេ»

ប្រសិនបើយើងមិនរួមគ្នា នោះវានឹងបន្ដវាយលុកចូលសហគមន៍យើង ខណៈដែលវីរុសនេះបានចូលមកសហគមន៍យើងជាបណ្ដើរៗហើយ។ ក្នុងនោះ វិធានការ ៣ការពារ ៣កុំ នៅតែជាវិធានការដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយបានជាអតិប្បរមានូវការចម្លងមេរោគកូវីដ១៩ ហើយបន្ថែមពីលើនោះ គឺវ៉ាក់សាំងការពារជំងឺកូវីដ ដែលជាឧបករណ៍បន្ថែមលើវិធានការ ៣ការពារ ៣កុំ ដើម្បីឱ្យសរីរាង្គរបស់យើង មានភាពរឹងមាំ ដែលយើងអាចទប់ទល់ អាចវាយបកនឹងមេរោគកូវីដ១៩ និងកាត់បន្ថយបាននូវអតិប្បរមា អត្រាឈឺ ដែលវិវឌ្ឍទៅសភាពធ្ងន់ធ្ងរ និងស្លាប់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន ៕