(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកាសនូវនិមិត្តសញ្ញា (Logo) និងត្រារបស់ខ្លួនផ្ទាល់ ដើម្បីប្រើប្រាស់ជាផ្លូវការ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៧ ខែសីហានេះ។

សេចក្តីជូនដំណឹងបញ្ជាក់ថា យោងតាមព្រះរាជក្រមលេខ នស/រកម/ ០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃអាជ្ញាធរ សេវាហិរញ្ញវតមិនមែនធនាគារ និងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានធ្វើសមាហរណកម្មទៅក្នុង អាជ្ញាធរសេវាហិរញ្ហាវត្ថុមិនមែនធនាគារក្រោមឈ្មោះថា «និយ័តអាជីវកម្មអចលនវត្ថុ និងបញ្ចាំ» ដែលដឹកនាំដោយលោក ជូ វណ្ណៈ ជាអគ្គនាយក។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នឹងអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួនស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ យ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ហៅកាត់ថា ន.អ.ប. មាននិមិត្តសញ្ញា (Logo) និងត្រារបស់ខ្លួនផ្ទាល់ ដើម្បីប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបាននិងកំពុងបន្តការកើនឡើងនៅក្នុងប្រទេសកម្ពុជា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ស្នើសុំឲ្យស្ថាប័ន/ក្រុមហ៊ុនទាំងអស់ ដែលមានតម្រូវការផ្ញើឯកសារមកកាន់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អាចធ្វើជា Soft Copy (ទម្រង់ PDF) មកកាន់ Telegram របស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តាមរយៈលេខ ០៧៨ ២៦៦ ២៦៨៕