(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើឱ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ សហការអនុវត្តន៍ការងារដ៏មានសារៈសំខាន់ចាំបាច់ពាក់ព័ន្ធយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំង បង្កាទប់ស្កាត់ជុំវិញជំងឺខូវីដ១៩ ឱ្យបានកាន់តែល្អប្រសើរថែមទៀត ដែលស្របទៅតាមអ្វីដែលជាគោលការណ៍ និងវិធានការសុខាភិបាល ក៏ដូចជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការស្នើនេះ ខណៈលោកអភិបាលខេត្ត ជាវ តាយ បានដឹកនាំមន្ត្រីនៃមន្ទីរ ស្ថាប័ន អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅ៤ស្រុក និងចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ តាមបណ្ដាស្រុកនីមួយៗ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរ ព្រមទាំងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ចូលរួមសហការ អនុវត្តក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដោយប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សំដៅធ្វើយ៉ាងណាការពារសុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

លោកអភិបាលខេត្ត ក៏បានសម្ដែងក្ដីរីករាយ ដោយឃើញប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងយ៉ាងច្រើនកុះករ ដែលសម្ដេចតេជោ បានខិតខំរកយកមកចាក់ជូនពលរដ្ឋខ្លួនមិនមានការរើសអើង និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចតេជោ ជូនដល់ប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង និងតាមមណ្ឌលព្យាបាល និងចត្តាឡីស័កតាមគោលដៅមួយៗ ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ សូមប្រញាប់មកចាក់ឱ្យបានគ្រប់ៗគ្នា ចំណែកអ្នកដែលបានចាក់វ៉ាក់សាំងហើយ ក៏សូមបន្តអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» ឱ្យបានជាប្រចាំ។

លោក ជាវ តាយ ក៏បានឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនដល់ក្រុមគ្រូពេទ្យ ក្នុងមួយស្រុកនីមួយៗ សម្រាប់រៀបចំអាហារទទួលទាននៅនឹងកន្លែងចាក់ ដើម្បីចំណេញពេលចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋបានច្រើន និងឆាប់រហ័ស។

យោងតាមរបាយការ របស់មន្ទីរសុខាភិបាលខេត្តកំពត បានឱ្យដឹងថា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការការពារជំងឺកូវីដ១៩ តាមគោលការណ៍ស្ម័គ្រចិត្តជូនប្រជាពលរដ្ឋដំណាក់កាលទី៤ រដ្ឋបាលខេត្តកំពត បានអនុវត្តពីថ្ងៃទី៦ ហើយនឹងអាចបញ្ចប់នៅចុងខែសីហានេះ ដោយប្រើ វ៉ាក់សាំង Janssen ឬ Johnson and Johnson មានចំនួនសរុប២១២,៤៤៦ដូស សម្រាប់៤ស្រុក ក្នុងនោះស្រុកឈូកទទួលបាន ៤៧,១៨១ដូស, ស្រុកដងទង់ ចំនួន ៥៥,៣៣៤ដូស, ស្រុកអង្គរជ័យ ចំនួន៥៤៨៤៦ដូស និងស្រុកបន្ទាយមាស ចំនួន៥៥,០៨៥ដូស ដោយមានទីតាំងចាក់សរុបចំនួន២១កន្លែង។

ការចាក់ទៅលើចំពោះពលរដ្ឋអាយុ ១៨ឆ្នាំឡើងទៅ ហើយម្នាក់១ដូសជាការស្រេច។ លទ្ធផលនៃការចាក់ក្នុងរយៈពេលបីថ្ងៃនេះ ក្រុមគ្រូពេទ្យចាក់ជូនពលរដ្ឋបានចំនួនជាង១២,០០០នាក់៕