(ភ្នំពេញ)៖ តូបលក់ដូរ ត្រី សាច់ បន្លែង ផ្លែឈើ និងកន្លែងលាងម៉ូតូសរុបចំនួន ១១១តូប ដែលបានសាងសង់យ៉ាងអនាធិបតេយ្យជាច្រើនឆ្នាំមកហើយ នៅលើចិញ្ចើមផ្លូវ និងលើប្រព័ន្ធលូមេនៃផ្លូវបេតុង ជាប់របងសួនឧស្សាហកម្ម កាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរ រប្រើវិធានការក្តៅដឹកនាំកម្លាំងចម្រុះដាក់គ្រឿងចក្រវាយកំទេចចុះរុះរើអស់គ្មានសល់។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដើម្បីរំដោះចិញ្ចើមផ្លូវ ប្រព័ន្ធលូ និងទ្រូងផ្លូវឱ្យបានទូលាយឡើងវិញ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងចរាចរណ៍នៃយានយន្តគ្រប់ប្រភេទ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា អាជ្ញាធរបានជូនដំណឹងដល់ពួកគាត់ រយៈពេល ៥ថ្ងៃមកហើយឲ្យរុះរើស្តង់លក់ដូរមិនរៀបរយទាំងនេះ ចេញឱ្យអស់ពីចិញ្ចើមផ្លូវ និងទ្រូវផ្លូវ ដើម្បីបើផ្លូវឲ្យទូលាយ សម្រួលដល់ការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ អ្នកធ្វើដំណើរ និងចៀសវាងការចម្លងមេរោគចង្រៃកូវីដ១៩ផងដែរ។

តែមកដល់ថ្ងៃកំណត់នេះ ស្តង់មួយចំនួន ត្រូវបានម្ចាស់រុះរើដោយខ្លួនឯង តែមួយចំនួនទៀត មិនព្រមរុះចេញនោះទេ គឺនៅបន្តអាជីវកម្ម ដែលជាការផ្គើននឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ដូចនេះហើយបានជាថ្ងៃនេះ កម្លាំងចំរុះរដ្ឋបាលខណ្ឌ ចុះមករុះរើចេញតែម្តងលែងឱ្យមានស្តង់លក់ដូរគ្មានសណ្តាប់ធ្នាប់ តាំងទីលក់ដូរនៅតាមចិញ្ចើមផ្លូវ និងដងផ្លូវនេះដូចមុនទៀតហើយ។

លោក ប៉ាង លីដា បានលើកឡើងទៀតថា តាមពិតរដ្ឋបាលខណ្ឌ មានផែនការរុះរើសំណង់មិនរៀបរយ និងស្តង់លក់ដូរគ្មានសណ្តាប់ធ្នាប់នៅទីនេះជាច្រើនខែមកហើយ តែដោយជួបបញ្ហាកូវីដ១៩ ទើបបានអូសបន្លាយពេលវេលា មកដល់ថ្ងៃនេះ។

សំណង់មិនរៀបរយ និងស្តង់លក់ដូរទាំងនេះ បានបង្កបញ្ហាច្រើនណាស់ដល់មូលដ្ឋាន ដូចជា ប៉ះពាល់សោភ័ណភាព សណ្តាប់ធ្នាប់ បរិស្ថាន សន្តិសុខ ពិសេសស្តង់លក់ដូរនិមួយៗបិទបាំងមានលក្ខណៈជាលំនៅដ្ឋានបណ្តោះអាសន្ន ប្រសិនបើអាជ្ញាធរមិនចាប់អារម្មណ៍ និងបណ្តែតបណ្តោយយូរតទៅទៀត នឹងក្លាយជាសំណង់រឹងមាំ ពិបាកនឹងដោះស្រាយជាមិនខាន។ ចំពោះមុខ រដ្ឋបាលខណ្ឌនឹងបន្តចាត់វិធានការក្តៅចំពោះសំណង់មិនរៀបរយ និងស្តង់លក់ដូរគ្មានសណ្តាប់ធ្នាប់គ្រប់កន្លែង តាមបណ្តាសង្កាត់ទាំងនានា មិនលើកលែងឡើយ។

ជាមួយនេះអាជ្ញាធរសង្កាត់ គឺជាគោលដៅទី១ នៃការអនុវត្តវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ និងលប់បំបាត់សំណង់មិនរៀបរយក្នុងមូលដ្ឋាន ហើយបើដឹងថា មន្រ្តីណាមួយទទួលសំណែនគេ ហើយឃុបឃិតឱ្យមានសំណង់ មិនរៀបរយ ក្នុងមូលដ្ឋាន មន្រ្តីនោះនឹងទទួលការពិន័យ ឬវិធានការតាមផ្លូវច្បាប់ គឺមិនលើកលែងឡើយ៕