(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ (ដូសជម្រុញ) ដល់កងទ័ព និងគ្រួសារកងទ័ពនៅរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ទោ អ៊ុក ពិសិដ្ឋ នាយករងទីចាត់ការសុខាភិបាលអគ្គបញ្ជាការ បានរាយការណ៍ឲ្យដឹងថា ការចាក់ វាក់សាំងដូសទី៣ ឬ (ដូសជម្រុញ) ជូនកងទ័ព និងគ្រួសារកងទ័ព ត្ត្រូវបានប្រគល់ភារកិច្ចដល់ក្រុមគ្រូពេទ្យអគ្គបញ្ជាការ ដំណើរការចាក់តាំងពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១មក ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca ដល់អ្នកដែលបានចាក់វ៉ាក់សាំងពីរលើករួចមកហើយ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដូសទី៣ ឬ (ដូសជម្រុញ) នាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីលើកកម្ពស់សុខភាពកងទ័ព បង្កើនប្រព័ន្ធការពារ ឬភាពស៊ាំក្នុងខ្លួនឲ្យបានខ្លាំងក្លាទប់ទល់ជាមួយនឹងជំងឺដ៏កាចសាហាវកូវីដ១៩ ពិសេសកូវី១៩បំប្លែងថ្មីប្រភេទ Delta។

សូមបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានចំនួន៨១,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ២០,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់៕