(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៦នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៤នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៦នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៤នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

* ករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក
* ករណីទី៤ ដល់ទី២៥ គឺជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី
* ករណីទី២៦ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក
* និងករណីទី២៧ ដល់ទី៤៤ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង
* ចំពោះ ករណីទី៤៥ ដល់ទី៥១ មានប្រភពចម្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រៃវែង
* ករណីទី៥២ ដល់ទី៨៦ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

អ្នកជាសះស្បើយទាំង៧៤នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

រដ្ឋបាលខេត្តក៏បានប្រកាសពីករណីស្លាប់ចំនួន២ករណី ដូចមានរាយនាមខាងក្រោម៖

១៖ ឈ្មោះ អ៊ុន ង៉ិក ភេទប្រុស អាយុ៦២ឆ្នាំ អាសយដ្ឋាននៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប វិជ្ជមានជំងឺកូវីដ-១៩ នៅពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី១១ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤៖១០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

២៖ ឈ្មោះ ព្រឹក ពក ភេទស្រី អាយុ៥១ឆ្នាំ អាសយដ្ឋាននៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ វិជ្ជមានជំងឺកូវីដ-១៩ នៅពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី១១ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៣៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៧៣៧នាក់ បានព្យាបាលជាសះស្បើយចំនួន៣៦៣៦នាក់ ស្លាប់៦៥នាក់ និង២០៣៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប អំពានាវប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ រួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕