(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានថ្លែងបញ្ជាក់ថា មេរោគបំប្លែងថ្មី Delta កំពុងចរាចរនៅកម្ពុជា មានចំនួន ៤០០ករណីហើយ បើគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នំា២០២១នេះ។

បច្ចុប្បន្ននេះ មេរោគបប្លែងថ្មី Delta ក៏បានឆ្លងចូលទៅសហគមន៍ ហើយបានរីករាលដាលរហូតដល់ទៅ ១៧រាជធានី-ខេត្ដ ជាសញ្ញាហានិភ័យនៃសុខភាពសាធារណៈ ដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូប រួមគ្នា គោរពវិធានសុខាភិបាល និងការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

ការថ្លែងដូច្នេះ របស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ជូនអ្នកដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៨លាន ឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហានេះ។

ក្នុងឱកាសនោះផងដែរ លោកស្រី ឱ វណ្ណឌីន ក៏បានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំងដូសទី៣ បន្ថែមលើមនុស្សដែលបានចាក់ដូសពេញលេញ (២ដូស) មានពេលវេលាចន្លោះពី៦ខែ ទៅ ៨ខែ ដោយរាប់ចាប់ពីថ្ងៃដំបូងនៃការចាក់ដូសទី១ ប៉ុន្ដែក្នុងចន្លោះពី៤ខែ ក៏អាចចាក់បានដែរ តែហាមដាច់ខាតសម្រាប់ចន្លោះត្រឹមពីរខែ ព្រោះចៀសវាងប្រតិកម្មណាមួយ ដែលអាចកើតមានឡើង។

លើសពីនោះ លោកស្រីរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ សម្រាប់ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីកំពុងបំបៅដោះកូន ក៏អាចចាក់វ៉ាក់សាំងបានផងដែរ តែឈរលើគោលការណ៍ស្ម័គ្រចិត្ដ៕