(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន១៣១គ្រួសារ ក្នុងសង្កាត់អូរអំបិល សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ក្នុងឱកាសនោះដែរ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ និងត្រីខ១យួរ។

លោកអភិបាលខេត្ត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹកជានិច្ចកាល សម្តេចទាំងទ្វេរតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

ជានេះទៅទៀត លោក អ៊ុំ រាត្រី បានបន្ដទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការដាច់ស្បៀងហូបចុកនោះឡើយ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឱ្យបាននូវវិធានការ «៣ការពារ និង៣កុំ» តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕